ព័ត៌មានជាតិ

ខ្យល់ពុលកំពុងគ្របដណ្តប់លើស្រុកជាំក្សាន្តទាំងមូល ក្រោយយោធាថៃបាចម្សៅគីមីពីលើយន្តហោះ ដែលនាំឱ្យជនភៀសសឹកត្រូវឃ្លាតលំនៅឋានរយៈពេលយូរ

image

ព្រះវិហារ៖ អភិបាលរងខេត្តព្រះវិហារ លោក មិន ស៊ីថា បានបានឱ្យដឹងថា ស្រុកជាំក្សាន្តទាំងមូលពោរពេញទៅដោយខ្យល់ពុល ដែលមិនអាចឱ្យប្រជាពលរដ្ឋចូលទៅរស់នៅបាននោះទេ ក្នុងកាលៈទេសៈបច្ចុប្បន្ន ឬជនភៀសសឹកត្រូវឃ្លាតលំនៅឋានរយៈពេលយូរ។ ទន្ទឹមនេះផ្ទះសំបែងរបស់ពួកគាត់ក៏រងការខូចខាតជាច្រើន ដីស្រែចម្ការ រាយប៉ាយទៅដោយគ្រាប់បែកចង្ក្រោម និងគ្រាប់មិនទាន់ផ្ទុះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ វត្តអារាម សាលារៀន ជាដើម រងការខូចខាត។

លោក មិន ស៊ីថា បានឱ្យដឹងដូចនេះនៅពេលប្រាប់អ្នកសារព័ត៌មាននៅមណ្ឌលសុវត្ថិភាពវត្តឧត្តរគិរីទួលអណ្ដែត ហៅ វត្តថ្នល់បំបែក នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «ស្រុកជាំក្សាន្តទាំងមូលពោរពេញទៅដោយខ្យល់ពុល។ ដូច្នេះយើងមិនអាចចូលទៅដល់ស្រុកបានទេ តែបើសិនជាទៅ លុះត្រាតែយើងពាក់ម៉ាសត្រឹមត្រូវ ហើយហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ វត្តអារាម សាលារៀន ផ្ទះសំបែងរបស់ប្រជាពលរដ្ឋ និងប្រាង្គប្រាសាទនានា ត្រូវបានខ្ទេចខ្ទាំសឹងតែរាបដល់ដី ដូចជាស្តូប លោកតាអ៊ំ ជាដើមនេះ គឺរាបដល់ដីអស់ហើយ»។

លោកអភិបាលរងខេត្តព្រះវិហារ បានបន្តថា ស្ថានការណ៍វិលទៅភូមិឋានរបស់ពលរដ្ឋវិញនៅមិនទាន់កំណត់បានទេ ដោយសារកន្លងមកការឈ្លានពានរបស់យោធាថៃបានប្រើយន្តហោះទម្លាក់គ្រាប់បែក ប្រើប្រាស់អាវុធទំនើបៗ ពិសេសគ្រាប់បែកចង្កោម ដែលមានមួយចំនួនកប់ក្នុងដី ហើយមិនទាន់ផ្ទុះ។ បើសិនពលរដ្ឋស្រុកជាំក្សាន្តទាំងមូល វិលទៅស្រុកកំណើតវិញពិតប្រាកដណាស់ពួកគាត់ជាកសិករដែលដាំដុះដំណាំ ពួកគាត់ទៅភ្ជួររាស់វានឹងអាច ទៅជួបគ្រាប់ និងធ្វើឱ្យផ្ទុះគ្រោះថ្នាក់ដល់ជីវិត។ ម្យ៉ាងទៀត យោធាថៃបានបាចម្សៅគីមីពុលដែលបង្កផលប៉ះពាល់ទៅដល់ទឹក ខ្យល់ ត្រី បន្លែ ជាដើម។ ការណ៍នេះវានឹងមានផលប៉ះពាល់ទៅដល់សុខភាព និងអាយុជីវិតរបស់ពួកគាត់ក្រោយវិលទៅភូមិឋានវិញ។ ដូចនេះបើឱ្យប្រជាពលរដ្ឋទៅរស់នៅដូចដើមវិញក៏នៅមិនកើតដែរ ការរស់នៅក្នុងជំរំភៀសសឹកនេះ នឹងអាចអូសបន្លាយ ខណៈកម្លាំងយោធាថៃនៅតែបន្តគឃ្លើន ឈ្លានពានទឹកដីកម្ពុជានៅតាមបន្ទាត់ព្រំដែន។

លោកអភិបាលរងខេត្តព្រះវិហារ បានឱ្យដឹងដែរថា មណ្ឌលសុវត្ថិភាពវត្តឧត្តរគិរី ទួលអណ្ដែត ហៅ វត្តថ្នល់បំបែក ស្ថិតនៅក្នុងឃុំថ្មី ស្រុកគូលេន ខេត្តព្រះវិហារ មានពលរដ្ឋភៀសសឹក ចំនួនជាង ១.០០០គ្រួសារ ស្មើនឹងជាង ៤.០០០នាក់ ភាគច្រើននៃពលរដ្ឋភៀសសឹក មកពីស្រុកជាំក្សាន្ត ដែលមានចំនួន៨ឃុំ។

សូមបញ្ជាក់ថា ក្នុងខេត្តព្រះវិហារមានមណ្ឌលសុវត្ថិភាពជនភៀសសឹក២០ មានដូចជា មណ្ឌលសុវត្ថិភាព វត្តពោធិ ៥០០០ដើម, មណ្ឌលសុវត្ថិភាពវត្តព្រះលាន, មណ្ឌលសុវត្ថិភាពវត្តឧត្តរគីរីទួលអណ្តែត, មណ្ឌលសុវត្ថិភាពវត្តប្រមេរ, មណ្ឌលសុវត្ថិភាពវត្តកំពង់ស្រឡៅ, មណ្ឌលសុវត្ថិភាពវត្តប៉ាលហាល, មណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ, មណ្ឌលសុវត្ថិភាពវត្តដងផ្លិត, មណ្ឌលសុវត្ថិភាពវត្តគីឡូលេខ៨, មណ្ឌលសុវត្ថិភាពវត្តត្រាវគាត, មណ្ឌលសុវត្ថិភាពវត្តសុវណ្ណគិរី ហៅវត្តឆែប, មណ្ឌលសុវត្ថិភាព វត្តពោធិ៍កែវមានជ័យ, មណ្ឌលសុវត្ថិភាពផ្ទះសាច់ញាតិ ក្រុងព្រះវិហារ, មណ្ឌលសុវត្ថិភាពវត្តពើងព្រះគោ, មណ្ឌលសុវត្ថិភាពផ្ទះសាច់ញាតិ ស្រុកសង្គមថ្មី, មណ្ឌលសុវត្ថិភាពវត្ត ពើងអង្កកាម, មណ្ឌលសុវត្ថិភាពផ្ទះសាច់ញាតិ ស្រុករវៀង, មណ្ឌលសុវត្ថិភាពវត្តពើងនាគ, មណ្ឌលសុវត្ថិភាពផ្ទះសាច់ញាតិ ស្រុកជ័យសែន និងមណ្ឌលសុវត្ថិភាព ស្រុកគូលែន៕