លោកត្រាំ ហាក់បន្ទន់ឥរិយាបថលើការគំរាមកំហែងចំពោះបណ្ដាប្រទេសដែលទិញប្រេងពីរុស្ស៊ី
សហរដ្ឋអាម៉េរិក៖ ស្ថិតនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ហាក់បង្ហាញនូវការបន្ទន់ឥរិយាបថលើការគំរាមកំហែងកំណត់ពន្ធគយបដិការលើប្រទេសទាំងឡាយណាដែលទិញប្រេងនិងឧស្ម័នពីរុស្ស៊ី។ លោកត្រាំ មានប្រសាសន៍ថា លោកមិនដែលបញ្ជាក់តួលេខពន្ធជាក់លាក់ឡើយ ប៉ុន្តែសហរដ្ឋអាម៉េរិកនឹងនៅតែចាត់វិធានការ ។
ជុំវិញសំណួរពីអ្នកសារព័ត៌មាន ថាតើលោកនឹងកំណត់ពន្ធ ១០០% លើប្រទេសមួយចំនួន ដូចជាចិន ដែលនៅតែបន្តទិញប្រេងពីរុស្ស៊ីឬយ៉ាងណា? លោកបានឆ្លើយតបថា «យើងទាំងអស់គ្នានឹងបានឃើញពីអ្វីដែលនឹងកើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ»។ លោកមានប្រសាសន៍សារជាថ្មីថា លោកមិនដែលនិយាយអំពីអត្រាជាក់លាក់នោះទេ ដោយគ្រាន់តែបន្ថែមថា នឹងមានកិច្ចប្រជុំដ៏សំខាន់មួយជាមួយរុស្ស៊ីនៅថ្ងៃបន្ទាប់ ហើយការសម្រេចចិត្តណាមួយ អាចនឹងធ្វើឡើងនៅពេលប្រជុំនោះ ។
បន្ថែមពីនេះ ក្នុងសន្និសីទសារព័ត៌មានដដែល អ្នកសារព័ត៌មានក៏បានសាកសួរចំណាប់អារម្មណ៍របស់លោកត្រាំ (Trump) អំពីសេចក្តីព្រាងច្បាប់ថ្មីរបស់អ៊ុយក្រែន ដែលតម្រូវឱ្យពលរដ្ឋមានវ័យលើសពី ៦០ឆ្នាំត្រូវចូលបម្រើយោធា។ លើសពីនេះ ក៏មានរបាយការណ៍អះអាងដែរថា សូម្បីតែជនពិការក៏ត្រូវបានជ្រើសរើសផងដែរ ។
ជុំវិញសំណួរនេះ លោកត្រាំ បានឆ្លើយតបថា «នេះគឺជាសង្រ្គាមរបស់អតីតប្រធានាធិបតី ចូ បៃដិន (Joe Biden)»។ លោកលើកឡើងថា លោកចង់ធ្វើឱ្យសង្គ្រាមបញ្ចប់ខ្លាំងណាស់ ហើយបានអះអាងថា លោកបានបញ្ចប់ជម្លោះចំនួន ៥ផ្សេងទៀតក្នុងរយៈពេល ៥ខែមកនេះ។ លោកបានបន្ថែមថា លោកសង្ឃឹមថា អ៊ុយក្រែន នឹងត្រូវបញ្ចប់សង្គ្រាមក្នុងពេលឆាប់ៗខាងមុខ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Viory | រូបភាព៖ AP/ GTR/ Manufacturer News