អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមមាន ចង្ក្រានហ្គាសធុនតូច កំប៉ុងហ្គាស ទឹកបរិសុទ្ធ និងមី ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនវីរកងទ័ព តាមបន្ទាត់ព្រំដែន និងជនភៀសសឹក
ព្រះវិហារ៖ អំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមាន ចង្ក្រានហ្គាសធុនតូចចល័តចំនួន ៦០០០ចង្ក្រាន កំប៉ុងហ្គាសចំនួន ១២០០០កំប៉ុង ទឹកបរិសុទ្ធ និងមីជាច្រើនកេស ត្រូវបានលោក អុីមរ៉ន ហាស្សាន់ អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាំទៅប្រគល់ជូនដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ និងប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់ទាហានថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។
ពិធីប្រគល់បានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមវត្តមានលោកកិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្ដ្រី គន់ គីម ប្រធានគណកម្មាធិការគ្រប់គ្រងគ្រោះហន្ដរាយនិងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។
ក្នុងឱកាសនោះ លោក អុីមរ៉ន ហាស្សាន់ បានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ជូនចង្ក្រានហ្គាសធុនតូចចល័ត ៦០០០ចង្ក្រាន និងកំប៉ុងហ្គាសចំនួន ១២០០០កំប៉ុង ដល់រដ្ឋបាលរាជធានី សម្រាប់ប្រគល់ជូនដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ និងប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពាន។
ជាមួយគ្នានោះ លោកអភិបាលរង ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងសូមអណរគុណដល់វីរកងទ័ពជួរមុខ ដែលបានលះបង់ប្តូរផ្តាច់អាយុជីវិត ក្នុងបុព្វហេតុការពារទឹកដី ពីការឈ្លានពានរបស់ទាហានថៃ និងសូមជូនពរឱ្យកងកម្លាំងទាំងអស់ មានសុខភាពល្អ ឈ្នះអស់សត្រូវឈ្លានពាន។
ជាការឆ្លើយតប លោកកិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ដ្រី គន់ គីម បានលើកឡើងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រគល់ភាកិច្ចឱ្យលោក មកសហការមួយរដ្ឋបាលខេត្តព្រះវិហារ ដើម្បីទទួលយកសម្ភារៈនេះ ទៅចែកជូនដល់វីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ដែលមានតម្រូវការចំបាច់បន្ទាន់។
លោកទេសរដ្ឋមន្ដ្រី គន់ គីម បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានប្រគល់ជូនដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ និងប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានភៀសសឹកតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងនោះដែរ លោកទេសរដ្ឋមន្ដ្រី ក៏បានអរគុណចំពោះសប្បុរសជននានានៅរាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបាន និងកំពុងជួយឧបត្ថមយ៉ាងសន្ធឹកសន្ធាប់មកជូនវីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ និងប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានពីទាហានថៃ។
ជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្ដ្រី គន់ គីម បានស្នើរដ្ឋបាលរាជធានីភ្នំពេញ ឱ្យជួយផ្តល់ឧបករណ៍សំរាប់បញ្ជូលហ្គាស ជូនវីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ ដើម្បីពួកគាត់ងាយស្រួលក្នុងការប្រើប្រាស់ ព្រោះរដូវនេះជារដូវភ្លៀង។ បន្ថែមពីនេះ លោកទេសរដ្ឋមន្ដ្រី បានសុំឱ្យសប្បុរសជននៅរាជធានីភ្នំពេញ និងលោក ឃួង ស្រេង បន្តជួយឧបត្ដមដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកបន្ថែមទៀត ដោយអាច ផ្តល់ជាថវិកា ដើម្បីទិញបន្លែ ត្រី សាច់ មកចែកជូនពួកគាត់ជាជនភៀសសឹក ដោយសាថា គ្រឿងឧបភោគបរិភោគ ដូចជាមី ត្រីខ ទឹកត្រី ជាដើមនោះ ពួកគាត់អាចថា មានច្រើនហើយ។ ការផ្ដល់អំណោយទាំងអស់នេះ វាក៏បានជួយទៅដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកដែលមិនរងប៉ះពាល់ផ្ទាល់ដោយសង្គ្រាមនេះ តែមិនបានលក់ គោ ក្របី ត្រីសាច់ ធ្វើឱ្យជីវភាពពួកគាត់បានល្អមួយកម្រិតដែរ។
សូមបញ្ជាក់ថា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានប្រគល់ជូនខាងលើនេរួមមាន៖ ចង្ក្រានហ្គាសធុនតូចចល័តចំនួន ៦០០០ចង្ក្រាន និងកំប៉ុងហ្គាសចំនួន ១២០០០កំប៉ុង ទឹកបរិសុទ្ធចំនួន ២៨៩យួរ និង ៥០កេស ព្រមទាំងមីចំនួន ៥០កេស៕