ព័ត៌មានអន្តរជាតិ

មីយ៉ានម៉ា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ្នកបញ្ចុះបញ្ចូលក្រុងវ៉ាស៊ីនតោន ដើម្បីកសាងទំនាក់ទំនងជាមួយអាម៉េរិកឡើងវិញ

image


សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនបញ្ចុះបញ្ចូលផ្នែកនយោបាយ DCI Group បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៣លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ជាមួយក្រសួងព័ត៌មានរបស់មីយ៉ាន់ម៉ា ដើម្បីជួយពង្រឹងទំនាក់ទំនងរបស់មីយ៉ាន់ម៉ាជាមួយសហរដ្ឋអាម៉េរិក ។

កិច្ចព្រមព្រៀងនេះ បានធ្វើឡើងកាលពីថ្ងៃទី៣១ ខែកក្កដា ជាថ្ងៃតែមួយដែលមេដឹកនាំយោធាមីយ៉ាន់ម៉ា បានប្រគល់អំណាចជាផ្លូវការទៅឱ្យរដ្ឋាភិបាលបណ្ដោះអាសន្នដឹកនាំដោយស៊ីវិល មុនព្រឹត្តិការណ៍បោះឆ្នោតដូចដែលបានគ្រោងទុក ។

បន្ទាប់ពីមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) បានចូលកាន់កាប់តំណែងក្រោយធ្វើរដ្ឋប្រហារកាលពីឆ្នាំ ២០២១ ជាឆ្នាំដែល អ្នកបញ្ចុះបញ្ចូលជនជាតិអ៊ីស្រាអ៊ែល-កាណាដា ដែលព្យាយាមខិតខំធ្វើការដើម្បីបញ្ឈប់បញ្ហាសម្រាប់ប្រទេសមីយ៉ាន់ម៉ា បានលាឈប់ពីការងារ ដោយសារតែទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកលើមីយ៉ាន់ម៉ា ធ្វើឱ្យគាត់មិនទទួលបានប្រាក់ខែ ។

គេនៅមិនច្បាស់ទេថា តើទណ្ឌកម្មនាពេលកន្លងមក នឹងប៉ះពាល់ដល់កិច្ចព្រមព្រៀងថ្មីជាមួយ DCI Group ឬយ៉ាងណា ប៉ុន្តែភាគីទាំងពីរ មិនបានធ្វើការអត្ថាធិប្បាយណាមួយលើរឿងនេះនៅឡើយ ។

ថ្មីៗនេះ លោកមីន អ៊ុងឡាំង ហាក់ដូចជាមានការចាប់អារម្មណ៍ក្នុងកិច្ចការកសាងទំនាក់ទំនងជាមួយរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បន្ទាប់ពីស្ថិតនៅក្នុងភាពឯកោជាច្រើនឆ្នាំ ។

ទន្ទឹមនឹងនោះ លោកត្រាំ បានគំរាមកំណត់ពន្ធគយថ្មីលើការនាំចេញទំនិញពីប្រទេសមីយ៉ាន់ម៉ា ទៅកាន់សហរដ្ឋអាម៉េរិក ដោយបានផ្ញើលិខិតដោយផ្ទាល់ទៅកាន់លោក មីន អ៊ុងឡាំង (Min Aung Hlaing)។ ឧត្តមសេនីយរូបនេះ បានឆ្លើយតបដោយបង្ហាញនូវការកោតសរសើរចំពោះការដឹកនាំរបស់លោកត្រាំ (Trump) ដោយបានស្នើសុំបញ្ចុះពន្ធឱ្យមកនៅអត្រាទាប និងដកទណ្ឌកម្មចេញពីភូមា ហើយស្នើបញ្ជូនក្រុមចរចាទៅកាន់ទីក្រុងវ៉ាស៊ីនតោន៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters via Free Malaysia Today | រូបភាព៖ Reuters/ vecteezy