ព័ត៌មានជាតិ

អង្គការក្រៅរដ្ឋាភិបាល អំពាវនាវឱ្យភាគីកម្ពុជា និងថៃ អនុវត្តពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់គ្នា​ ដេីម្បីពលរដ្ឋរស់នៅបានសុខសាន្ត

image

ឧត្តរមានជ័យ៖​ តំណាងអង្គការក្រៅរដ្ឋាភិបាលជាតិ​ និងអន្តរជាតិ​៧១រូប មកពី៤៤ស្ថាប័ន​​ បានចុះពិនិត្យពីស្ថានភាពរស់នៅរបស់ភៀសសឹកនៅតាមមណ្ឌលក្នុងខេត្តឧត្ដរមានជ័យ និងខេត្តសៀមរាប ដែលបានជម្លៀស ចេញពីផ្ទះសំបែង ក្នុងអំឡុងពេលផ្ទុះអាវុធរវាងកងទ័ពថៃ​ និងកម្ពុជា តាំងពីថ្ងៃទី២៤​ ខែកក្កដា ឆ្នាំ២០២៥។​ ក្នុងឱកាសនោះក្រុមង្គការសង្គមស៉ីវិលបានសម្ដែងក្តីអាណិតអាសូរដល់ពលរដ្ឋភៀសសឹកជាខ្លាំង​ ពិសេសស្ត្រីមានផ្ទៃពោះ​ និងកុមារ។ ​

លោក Jungho Lee នាយកប្រចាំប្រទេសកម្ពុជានៃអង្គការ Great Peace Cambodia ដែលបានចុះ ពិនិត្យពីស្ថានការណ៍ជំរំជនភៀសសឹក នៅមណ្ឌលភៀសសឹកវត្តថ្មកំបោរ ភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ និងជំរំជនភៀសសឹក (ស្រីស្នំ) ដែលស្ថិតនៅក្នុងវត្តជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប បានបង្ហាញអារម្មណ៍ចំពោះការអាណិតអាសូរ និងសោកស្តាយយ៉ាងខ្លាំងនៅពេលលោក និងសហការីបានឃើញ និងជួបសួរសុខទុក្ខដោយផ្ទាល់ទៅកាន់ប្រជាពលរដ្ឋ ដែលបាន ភៀសសឹកនៅតាមមណ្ឌលស្នាក់នៅបណ្តោះអាសន្ន។

លោក Jungho Lee បានស្វាគមន៍​ និងគាំទ្រចំពោះការអនុវត្តពេញលេញនូវបទឈប់បាញ់រវាងកម្ពុជា​ និងថៃ​ និងបានអំពាវនាវឲ្យគោរពបទឈប់បាញ់នេះជាអចិន្ត្រៃយ៍ដើម្បីឲ្យប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែនរស់នៅបានសុខសាន្ត និងបានវិលត្រឡប់ទៅទីលំនៅឋានដូចដើមវិញ​ ពិសេសការផ្គត់ផ្គង់អាហារប្រចាំថ្ងៃ កុមារតូចៗបានទៅសាលារៀនវិញ។

ជាមួយគ្នា​នេះ​ លោកស្រី តាំង ស៊ូហៀក តំណាងអង្គការទស្សនពិភពលោក បានសម្តែងក្តីអាណិតអាសូរដល់ កុមារដែលខកខានទៅសាលារៀន​ ស្ត្រីមានផ្ទៃពោះ​ និងស្រ្តី​ ទារកទើបសម្រាលរួច ដោយការភៀសសឹកពីសង្រ្គាម ក្រោយពីបានជួបគ្រួសារជនភៀសសឹកស្វែងយល់ពីតម្រូវការចាំបាច់របស់ពួកគេ និងបាននាំមកនូវសម្ភារផ្សេងៗដូចជាមុង និងភួយទៅជួយឧបត្ថម្ភដល់ជនភៀសសឹក។

លោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ បានថ្លែងរៀបរាប់ប្រាប់គណៈប្រតិភូអង្គការថា នៅក្នុងខេត្តឧត្តរមានជ័យ មានជំរំភៀសសឹកសរុបទាំងអស់ចំនួន៧ទីតាំង ដោយមានប្រជាពលរដ្ឋ ប្រមាណជិត​ ៤ម៉ឺននាក់។ ពួកគាត់ត្រូវបានគិតគូរទៅលើទីជម្រកដូចជាការសាងសង់រោងតង់សម្រាប់ស្នាក់នៅបណ្ដោះអាសន្ន​ ការផ្គត់ផ្គង់ស្បៀងអាហារ ប្រចាំថ្ងៃ ការផ្គត់ផ្គង់ពីការរ៉ាប់រងទៅលើបញ្ហាសុខភាពអនាម័យ​ បញ្ហាសន្តិសុខ សុវត្ថិភាព ជាដេីម។

លោក ហ៊ន់ ឫទ្ធិ អភិបាលស្រុកស្រីស្នំ ខេត្តសៀមរាប បានឱ្យដឹងថា ពលរដ្ឋភៀសសឹកមកស្រុកស្រីស្នំ ចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មានសរុបជាង ៤ពាន់គ្រួសារ ស្មើនឹង​ជាង​ ១ម៉ឺននាក់ (ស្រីជាង៦ពាន់នាក់ កុមារជាង​ ៣ពាន់នាក់)។ 

សូមបញ្ជាក់ថា​ ការផ្ទុះអាវុធរវាងកងទ័ពថៃ និងកម្ពុជា បានកើតឡើងកាលពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុង  ខេត្តឧត្តរមានជ័យ ដោយរាលដាលដល់ខេត្តផ្សេងទៀតជាប់ព្រំដែនកម្ពុជា-ថៃ ដោយយោធាថៃជាអ្នកបាញ់មុន ហើយកងទ័ពកម្ពុជាក៏ប្រើសិទ្ធិការពារអធិបតេយ្យភាពទឹកដី។ ក្នុងអំឡុងពេលឈ្លានពានក្រុមយោធាថៃបានទម្លាក់គ្រាប់បែកដោយប្រើយន្តហោះ F-16 និងគ្រាប់បែក ចង្កោមល្មើសច្បាប់មកលើទីតាំងជនស៊ីវិល និងទីតាំងសាធារណៈ។

ខេត្តជាប់ព្រំដែនដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺខេត្តឧត្តរមានជ័យ។ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្ត បានឱ្យដឹងថា ក្នុងអំឡុងពេលការវាយប្រហារតាមអាកាស និងការទម្លាក់គ្រាប់បែករបស់ថៃ បានបណ្តាលឱ្យប្រជាពលរដ្ឋក្នុងខេត្តស្លាប់ចំនួន​ ៥នាក់ និងរបួសចំនួន​ ៨នាក់។ ខូចខាតផ្ទះគ្រួសារកងទ័ពចំនួន​ ៧៥ខ្នង​ ផ្ទះប្រជាពលរដ្ឋចំនួន​ ១៥៦ខ្នង​ សំណង់សាធារណៈចំនួន ១៣ទីតាំង​ សំណង់ផ្សេងៗចំនួន៤ទីតាំង​ ផ្លូវថ្នល់ចំនួន៤១ទីតាំង​ ដាច់ប្រព័ន្ធចរន្តអគ្គិសនី ចំនួន៤ទីតាំង​ បិទសាលារៀនបណ្តោះអាសន្នទូទាំងខេត្ត​ ២៦០ទីតាំង ខូចខាតរថយន្តចំនួន​ ២គ្រឿង​ គោយន្ត១គ្រឿង, ម៉ាស៊ីនកិនស្រូវ១គ្រឿង​ និងម៉ូតូរ៉ឺម៉ក១គ្រឿង។

លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ក៏បានស្នើយ៉ាងទទួចដល់សហគមន៍អន្តរជាតិនានា ជួយធានាដល់ការអនុវត្តបទឈប់បាញ់ ដើម្បីប្រជាពលរដ្ឋរស់នៅបានសុខសាន្ត និងបញ្ឈប់ការបង្ហូរឈាម តទៅទៀត ខណៈប្រជាពលរដ្ឋ ក្នុងខេត្តរបស់លោកមានផលិតផលក្នុងស្រុកសរុប(GDP)ទាបជាងគេធៀបនឹងខេត្តផ្សេងទៀត ក្នុងប្រទេសកម្ពុជា៕