ព័ត៌មានជាតិ

អគ្គនាយក CMAC អំពាវនាវប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់បំផុតពីគ្រោះថ្នាក់នៃគ្រាប់បែកចង្កោម ដែលថៃបានបាញ់នាពេលកន្លងមក ជាពិសេស នៅក្រុងសំរោង ស្រុកបន្ទាយអំពិល និងស្រុកជាំក្សាន្ត

image


ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ (CMAC) បានបង្ហាញរបាយការណ៍ពីការស្រាវជ្រាវ និងកំណត់តំបន់រងផលប៉:ពាល់ដោយសារគ្រាប់បែកចង្កោម ក្នុងសង្គ្រាមរយ:ពេល៥ថ្ងៃកន្លងទៅថ្មីៗនេះ ដែលភាគីសៀម បានប្រើប្រាស់កាំភ្លើងធំ ១៥៥ម.ម ជាមួយកូនគ្រាប់បែកចង្កោមប្រភេទ M46 ដែលក្នុងគ្រាប់ផ្លោងមួយគ្រាប់ មានកូនគ្រាប់បែកចង្កោម M46 នេះចំនួន ៥៦។

តាមបណ្តាញសង្គមផ្លូវការ លោក ហេង រតនា បានលើកឡើងថា កូនគ្រាប់បែកចង្កោមដែលបាញ់ហើយមិនផ្ទុះ មានហានិភ័យខ្ពស់ណាស់ ដោយអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលា។ គ្រាប់បែកចង្កោមទាំងនោះ អាចស្ថិតនៅលើដើមឈើ ឬលើដំបូលផ្ទះ ឬលើដី ឬក្នុងដី ឬក្នុងទឹកជាដើម។

លោក ហេង រតនា បានបញ្ជាក់ថា កម្លាំងអង្គភាព CMAC បានរកឃើញគ្រាប់បែកទាំងនេះនៅភូមិសាស្ត្រមួយចំនួន និងកំពុងតែមមាញឹកចុះស្រាវជ្រាវ ហ៊ុំព័ទ្ធដាក់ស្លាកសញ្ញា និងធ្វើការបោសម្អាតផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោក ហេង រតនា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយត្ន័ខ្ពស់នៅតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមនៅតាមភូមិឋានក្នុងក្រុងសំរោង ស្រុកបន្ទាយអំពិលនៃខេត្តឧត្តរមានជ័យ និងស្រុកជាំក្សាន្តនៃខេត្តព្រះវិហារ។

សូមបញ្ជាក់ថា ច្បាប់អន្តរជាតិហាមប្រើប្រាស់គ្រាប់បែកចង្កោមបានចូលជាធរមាននៅឆ្នាំ២០១០ និងមានប្រទេសចំនួន ១២៣ចូលរួមក្នុងអនុសញ្ញាអន្តរជាតិមួយនេះ។

ក្នុងករណីប្រជាពលរដ្ឋ បានឃើញ ឬសង្ស័យគ្រាប់បែកចង្កោម ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមទាក់ទងមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់ ឬអាជ្ញាធរមូលដ្ឋាន ឬកងកម្លាំងនគរបាលជាតិនៅជិតបំផុត ដើម្បីជួយដោះស្រាយជូន៕