ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា បានជំរុញដល់វិនិយោគិនរបស់ខ្លួន បន្តចូលរួមចំណែកក្នុងសកម្មភាពសង្គម និងជួយដល់សហគមន៍កម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត
ភ្នំពេញ៖ ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា លោកបណ្ឌិត Shaharuddin Onn បានជំរុញដល់វិនិយោគិនម៉ាឡេស៊ី និងក្រុមហ៊ុនដែលពាក់ព័ន្ធ បន្តចូលរួមចំណែកក្នុងសកម្មភាពសង្គម និងជួយដល់សហគមន៍កម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។
ការជំរុញនេះ បានធ្វើឡើងខណៈដែលលោកឯកអគ្គរាជទូតម៉ាឡេស៊ី បានអញ្ជើញជាអធិបតីក្នុងពិធិប្រគល់សម្ភារអគ្គិសនីពីសំណាក់ក្រុមហ៊ុន MIDEA Cambodia ជូនដល់វិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ និងការប្រគល់កញ្ចប់ជំនួយដល់សិស្សចំនួន ១២នាក់។
លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមហ៊ុន MIDEA Cambodia ដែលវិនិយោគដោយជនជាតិម៉ាឡេស៊ី បានកំពុងរួមចំណែកជាវិជ្ជមានដល់សហគមន៍កម្ពុជា តាមរយៈកម្មវិធីទំនួលខុសត្រូវសង្គម(CSR)របស់ខ្លួន។
លោក បានមានប្រសាសន៍ថា “ក្នុងនាមឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ខ្ញុំតែងតែលើកទឹកចិត្តដល់ធុរកិច្ច រួមទាំងសហគមន៍ម៉ាឡេស៊ី និងធុរកិច្ចម៉ាឡេស៊ីនៅភ្នំពេញ ផ្តល់ការតបស្នង និងរួមចំណែកដល់សង្គម តាមមធ្យោបាយដែលពួកគេអាចធ្វើបាន។ ខ្ញុំពិតជាមានមោទនភាពណាស់ដែលធុរកិច្ចម៉ាឡេស៊ី ឬធុរកិច្ចដែលទាក់ទងនឹងម៉ាឡេស៊ី បានរួមចំណែកយ៉ាងសប្បុរស និងផ្តល់អំណោយដល់សហគមន៍ ដល់សហគមន៍កម្ពុជា និងប្រជាជនកម្ពុជា។”
លោកឯកអគ្គរាជទូត ជឿជាក់ថា ការរួមចំណែកនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ MIDEA និងការខិតខំប្រឹងប្រែងក្នុងការរួមចំណែកជាវិជ្ជមានដល់សហគមន៍កម្ពុជា ក៏ដូចជា នឹងលើកទឹកចិត្ត និងធ្វើជាគំរូដល់អាជីវកម្មផ្សេងទៀត ដើម្បីឆ្ពោះទៅមុខ ក្នុងការចូលរួមចំណែកដោយសប្បុរសដល់សហគមន៍ រួមទាំងសាលារៀន និងស្ថាប័នសិក្សាផ្សេងទៀតផងដែរ៕