ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង ជំរុញឱ្យមានកិច្ចសហការពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា និងម៉ាឡេស៊ី កាន់តែរឹងមាំ ដើម្បីវិបុលភាពសេដ្ឋកិច្ចនៃប្រទេសទាំងពីរ

image


ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិ គ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគកាន់តែស៊ីជម្រៅរវាងកម្ពុជា និងម៉ាឡេស៊ី ដោយសង្កត់ធ្ងន់លើចក្ខុវិស័យរួមរបស់ប្រទេសទាំងពីរ ដើម្បីវិបុលភាពសេដ្ឋកិច្ច។

ការជំរុញបែបនេះរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នៅក្នុងជំនួបពិភាក្សារវាងធុរជនកម្ពុជា និងម៉ាឡេស៊ី ដែលត្រូវបានរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីគម្រោងសហការ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការធុរកិច្ចទ្វេភាគី ក្នុងអំឡុងពេលដែលគណៈប្រតិភូសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី បំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។

កិច្ចពិភាក្សានេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១២ខែសីហា ឆ្នាំ២០២៥ ដោយផ្តោតជាសំខាន់លើការកំណត់កាលានុវត្តភាពសហប្រតិបត្តិការរួម ទៅលើវិស័យសក្តានុពល។ អ្នកឧកញ៉ា គិត ម៉េង បានជម្រាបជូនគណៈប្រតិភូសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី អំពីកំណើនសេដ្ឋកិច្ចកម្ពុជា និងគោលដៅកម្ពុជាក្នុងការសម្រេចនូវទស្សនវិស័យក្លាយជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០ ដោយផ្អែកលើកត្តាជំរុញនានារួមមាន៖ កម្លាំងពលកម្មវ័យក្មេង និងជំនាញ បរិយា កាសវិនិយោគអំណោយផល និងគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់អំពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងប្រទេសទាំងពីរ។ នៅឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី មានប្រមាណ ៨៥៩លានដុល្លារអាមេរិក។ ក្រុមហ៊ុនម៉ាឡេស៊ីជាអ្នកវិនិយោគដ៏សំខាន់នៅកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ រហូតមក ដោយផ្តោតលើវិស័យទូរគមនាគមន៍ ធនាគារ សំណង់ និងកម្មន្តសាល។

អ្នកឧកញ៉ាប្រធាន បានចង្អុលបង្ហាញ អំពីវិស័យសំខាន់ៗមួយចំនួនសម្រាប់ការសហការដែលមានសក្តានុពល រួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល កសិកម្មប្រកប ដោយចីរភាព និងទេសចរណ៍។

អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា៖ “ប្រទេសកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ដោយផ្តល់នូវបរិយាកាសប្រកបដោយភាពស្វាហាប់ និងទាក់ទាញកាន់តែខ្លាំងឡើងសម្រាប់ការវិនិយោគ។ យើងមើលឃើញពីសក្តានុពលដ៏ធំសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ រួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល កសិកម្មប្រកបដោយនិរន្តរភាព និងទេសចរណ៍។ ដូច្នេះជំនាញ និងការវិនិយោគរបស់ម៉ាឡេស៊ីនៅក្នុងវិស័យទាំងនេះ អាចដើរតួនាទីផ្លាស់ប្តូរនៅក្នុងភាពជោគជ័យទៅវិញទៅមករបស់យើង"។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ាប្រធាន បានសង្កត់ធ្ងន់ថា អត្ថប្រយោជន៍សំខាន់មួយទៀតសម្រាប់អ្នកវិនិយោគ គឺអត្រាពន្ធ ១៩% ដ៏អំណោយផលរបស់កម្ពុជាសម្រាប់ការនាំចេញទៅកាន់សហរដ្ឋអាមេរិក ដែលផ្តល់លទ្ធភាពទទួលបានទីផ្សារកាន់តែប្រសើរឡើងសម្រាប់អាជីវកម្មដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេស។

ឆ្លៀតក្នុងឱកាសនៃជំនួបពិភាក្សានេះ អ្នកឧកញ៉ាប្រធាន ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពិសេសរវាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដើម្បីចរចាឈានទៅការឯកភាពគ្នាលើបទឈប់បាញ់ភ្លាមៗលើជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ព្រមទាំងសម្របសម្រួលរៀបចំកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។

បន្ថែមពីនេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានបង្ហាញទំនុកចិត្តថា តួនាទីបច្ចុប្បន្នរបស់ម៉ាឡេស៊ីជាប្រធានអាស៊ានប្តូរវេននឹងជំរុញ "កិច្ចសហប្រតិបត្តិការ និងភាពជាអ្នកដឹកនាំកាន់តែខ្លាំង" ក្នុងការពង្រឹងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។

ជាមួយគ្នានេះ ដាតុ តូនី ឡយ (Tony Looi) ប្រធានសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានទទួលពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី។ លោកបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចមកកម្ពុជា នាពេលនេះ គឺជាឱកាសដ៏ល្អក្នុងការស្វែងរកកាលានុវត្តភាពធុរកិច្ច និងស្វែងរកដៃគូសហការ ហើយសង្ឃឹមថា នឹងអាចជំរុញទំនាក់ទំនងធុរកិច្ចរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត។ លោក រួម និងគណៈប្រតិភូទាំងអស់ មានទំនុកចិត្ត និងចាប់អារម្មណ៍វិនិយោគនៅកម្ពុជា។

សូមជម្រាបថា គណៈប្រតិភូធុរកិច្ចចិនម៉ាឡេស៊ី ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ រួមមាន វិស័យសំណង់និងអចលនទ្រព្យ ម្ហូបអាហារ និងភេសជ្ជៈ បច្ចេកវិទ្យាព័ត៌មាន សម្ភារៈអេឡិចត្រូនិក ពាណិជ្ជកម្ម ការកៃច្នៃកាកសំណល់លោហធាតុ និងសេវាកម្ម៕

អត្ថបទ៖ សៀម ប៊ុនធី រូបភាព៖ អ៊ុន ផាន់ណាត់ និងង៉ាន់ សំណាង