ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផ្ញើលិខិតជម្រាបជូនអង្គការសហប្រជាជាតិ អំពីហានិភ័យដែលកំពុងតែកើតឡើង ចំពោះបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ និងថាចាប់តាំងពីបទឈប់បាញ់ ចូលជាធរមាន កងយោធាថៃ បានបន្តចូលដល់ទឹកដីកម្ពុជា ជាញឹកញាប់ដោយខុសច្បាប់ និងបានដាក់រាយបន្លាលួស

image


ភ្នំពេញ៖ លោក ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ថា កម្ពុជា បានជម្រាបជូនអង្គការសហប្រជាជាតិ អំពីហានិភ័យដែលកំពុងតែកើតឡើង ចំពោះបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ។

មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន, អ្នកនាំពាក្យ បានឱ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសរសេរលិខិតដាច់ដោយឡែក ផ្ញើជូនទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីជម្រាបជូនអំពីហានិភ័យ ដែលកំពុងកើនឡើង និងគំរាមកំហែងបទឈប់បាញ់រវាងកម្ពុជា-ថៃ។

ក្នុងលិខិតទាំងពីរ របស់លោកឧបនាយករដ្ឋមន្ត្រី ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានលើកឡើងថា ដូចដែលឯកឧត្តមបានជ្រាបរួចហើយ កម្ពុជានិងថៃ បានចុះកិច្ចព្រមព្រៀងឈប់បាញ់ នៅក្នុងកិច្ចប្រជុំពិសេស ដែលរៀបចំឡើងដោយម៉ាឡេស៊ី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ កិច្ចព្រមព្រៀងនេះ បានជួយសង្គ្រោះអាយុជីវិតជាច្រើន និងផ្តល់ក្តីសង្ឃឹម ដល់មនុស្សរាប់ពាន់នាក់ ដែលត្រូវបានជម្លៀសចេញពីទីលំនៅរបស់ខ្លួន ដោយបានបង្កើនក្តីសង្ឃឹមថា ពួកគេនឹងអាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ ក្នុងពេលឆាប់ៗ និងអាចរស់នៅក្នុងសន្តិភាព និងវិបុលភាពដ៏យូរអង្វែង។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយនេះ កំពុងប្រឈមនឹងការគំរាមកំហែង កាន់តែធ្ងន់ធ្ងរឡើង ដោយសារតែកងកម្លាំងយោធាថៃ បានបន្តរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដែលនេះជាការបំពានយ៉ាងច្បាស់នូវច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេរភាគី ដែលមានសុពលភាពតាមផ្លូវច្បាប់។ លោកថា ចាប់តាំងពីបទឈប់បាញ់ បានចូលជាធរមាន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មក កងយោធាថៃ បានបន្តចូលដល់ទឹកដីកម្ពុជាជាញឹកញាប់ ដោយខុសច្បាប់ និងបានដាក់រាយបន្លាលួស និងសាងសង់ផ្លូវ នៅកន្លែងជាច្រើន។

លោកបានបន្ថែមថា ក្នុងការរំលោភបំពានដោយចេតនា និងធ្ងន់ធ្ងរទៅលើបទឈប់បាញ់ ដែលភាគីទាំងពីរបានឯកភាព នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងលើកំណត់ហេតុព្រមព្រៀង នៃកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាការព្រំដែនទូទៅ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ បានឈ្លានពានចូលដោយខុសច្បាប់ និងធ្វើសកម្មភាព នៅតំបន់អានសេះ ក្នុងខេត្តព្រះវិហារ និងបានរាយបន្លាលួស រុះរើរផ្ទះប្រជាពលរដ្ឋកម្ពុជា និងប្រើម៉ាស៊ីនធន់ធ្ងន់ សាងសង់លេណដ្ឋានជាច្រើនកន្លែង។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តថា សកម្មភាពទាំងនេះ ស្របទៅនឹងសេចក្តីថ្លែងការណ៍ជាសាធារណៈ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ដែលបានប្រកាសដោយមេបញ្ជាការយោធភូមិភាគទី២របស់ថៃ ដែលបានសន្យាថា កងទ័ពថៃ នឹងដណ្តើមមកកាន់កាប់ប្រាសាទតាក្របីវិញ ហើយក៏បិទប្រាសាទតាមាន់ធំផងដែរ។ ទីតាំងដែលថៃរំលោភបំពានទាំងអស់នេះ គឺស្ថិតនៅក្នុងដែនដីរបស់កម្ពុជាទាំងស្រុង ដូចដែលបានកំណត់ និងខណ្ឌចែកដោយផែនទីខ្នាត១លើ២០០ពាន់ ដែលផលិតដោយគណៈកម្មការចម្រុះបារាំង-សៀម អនុលោមតាមអនុសញ្ញាចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ និងសិទ្ធិសញ្ញាចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧។​ ផែនទីទាំងនេះ ត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលកម្ពុជា និងថៃ ហើយត្រូវបានយកធ្វើជាមូលដ្ឋានយ៉ាងច្បាស់ នៅក្នុងសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ ដែលបានចូលជាស្ថាពរ និងមានអនុភាព ស្របតាមមាត្រា៦០ នៃលក្ខន្តិកៈ ICJ និងមាត្រា៩៤នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។

ឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា​ ទាមទារឱ្យរាជរដ្ឋាភិបាលថៃ និងយោធាថៃ៖ ១.បញ្ឈប់ជាបន្ទាន់ នូវរាល់ការឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់ និងសហកម្មភាពផ្សេងៗទៀត ដែលរំលោភបំពានអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា, ២.ដកកងកម្លាំងយោធាថៃ និងឧបករណ៍ទាំងអស់ ចេញពីទឹកដីនៃកម្ពុជា ត្រឡប់ទៅទីតាំង ដែលស្របទាំងស្រុងជាមួយនឹងព្រំដែន ដែលត្រូវបានកំណត់ដោយស្របច្បាប់, ៣.អនុវត្តឱ្យបានពេញលេញ និងគ្មានលក្ខខណ្ឌនូវរាល់កាតាព្វកិច្ចទាំងទ្វេរភាគី និងអន្តរជាតិ។

លោក ប្រាក់ សុខុន ក៏បានបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះវិវាទព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ តាមច្បាប់អន្តរជាតិ និងនៅតែរក្សាគោលជំហយ៉ាងរឹងមាំថា ព្រំដែនមិនអាចត្រូវបានផ្លាស់ប្តូរ ដោយការប្រើប្រាស់កម្លាំងឡើយ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏អំពាវនាវឱ្យប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ បន្តលើកទឹកចិត្តឱ្យមានការគោរពឱ្យបានពេញលេញ នូវកិច្ចឈប់បាញ់ក៏ផុយស្រួយ និងកំពុងប្រឈមនឹងហានិភ័យនេះ និងសូមឱ្យមានការខិតខំប្រឹងប្រែងគាំទ្រ ដើម្បីសម្រេចបាននូវការបញ្ឈប់ទាំងស្រុង នូវអរិភាពប្រដាប់អាវុធ ក្នុងដំណើរឆ្ពោះទៅរកភាពប្រក្រតី៕

អត្ថបទ៖ សន ពិសិដ្ឋ