សេដ្ឋកិច្ច

៧ខែឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៤៤០គម្រោង ដែលមានតម្លៃទុន ៦,៧ពាន់លានដុល្លារ និងអាចបង្កើតការងារថ្មីបានជាង ៣១ម៉ឺនកន្លែង

image


ភ្នំពេញ៖ បើគិតពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ៤៤០គម្រោង គឺកើនឡើងចំនួន ២០៦គម្រោង ស្មើនឹងប្រមាណ ៨៨% ខណៈទំហំទុនវិនិយោគមានប្រមាណ ៦,៧ពាន់លានដុល្លារអាម៉េរិក គឺកើនឡើងប្រមាណ ៣ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៨៤% ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២៤។ គម្រោងវិនិយោគទាំងនេះ អាចបង្កើតឳកាសការងារថ្មីបានប្រមាណជាង ៣១ម៉ឺនកន្លែងបន្ថែមទៀត។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ជាមួយកំណើននៃគម្រោងវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើការកត់សម្គាល់ថា ត្រឹមតែរយៈពេល ៧ខែនៃឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ ២៦គម្រោង។

ដោយឡែក ក្នុងខែកក្កដា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេច ចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៦៧គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៤៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៥៧ពាន់កន្លែង។

គម្រោងវិនិយោគទាំងនេះផ្តោតលើវិស័យឧស្សាហកម្មប្រមាណ ៤,៧ពាន់លានដុល្លារអាមេរិក,ហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ១,៥ពាន់លានដុល្លារអាមេរិក, កសិកម្ម និងកសិ-ឧស្សាហកម្ម ៣៥៦លានដុល្លារអាមេរិក និងទេសចរណ៍ ១៦៧លានដុល្លារអាមេរិក។

បណ្តារាជធានី-ខេត្ត ទាំង ៥របស់កម្ពុជា ដែលទទួលបានគម្រោងវិនិយោគច្រើនជាងគេ រួមមាន ខេត្តកំពង់ស្ពឺ ១០៤គម្រោង, ស្វាយរៀង ១០២គម្រោង, ភ្នំពេញ ៥១គម្រោង, តាកែវ ៤៤គម្រោង និងខេត្តកោះកុង ៤១គម្រោង។ ក្នុងពេលជាមួយគ្នានេះ ក៏មានខេត្តរបស់កម្ពុជា ចំនួន ៤ ដែលមិនទទួលគម្រោងវិនិយោគសោះ គឺខេត្តសៀមរាប ព្រះវិហារ ឧត្តរមានជ័យ និងកែវ។

កម្ពុជា រំពឹងថា នឹងអាចទាក់ទាញលំហូរទុនវិនិយោគកាន់តែច្រើនបន្ថែមទៀត ក្រោយទទួលបានអត្រាពន្ធ ១៩% ដ៏អំណោយផលសម្រាប់ការនាំចេញទៅកាន់សហរដ្ឋអាមេរិក ដែលផ្តល់លទ្ធភាពទទួលបានទីផ្សារកាន់តែប្រសើរឡើងសម្រាប់អាជីវកម្មដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា៕