NCHIVE ក្រុមតារាចម្រៀងទើបរះថ្មីក្នុងវិស័យ K-pop បង្ហាញវត្តមាន ៣សប្ដាហ៍ នៅក្នុងទីក្រុងភ្នំពេញ
ភ្នំពេញ៖ ក្រុមតារាចម្រៀងប្រុសថ្មី NCHIVE ក្នុងវិស័យ K-pop របស់កូរ៉េខាងត្បូង បានធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញ រយៈពេល ៣សប្ដាហ៍ ចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២៥ តាមរយៈដំណើរកម្សាន្ត “NCHIVE Promotion Cambodia Tour” នៅក្នុងជំនួបជាមួយអ្នកគាំទ្រនៅក្រៅប្រទេស និងដើម្បីបង្កើនប្រជាប្រិយភាព រួមទាំងជួយផ្សព្វផ្សាយផលិតផល ។
ក្រុមតារាចម្រៀង NCHIVE ត្រូវបានជ្រើសរើសឱ្យធ្វើជាទូតសុច្ឆនៈរបស់ប្រព័ន្ធបណ្ដាញសង្គម Angkor Life ដែលជាកម្មវិធីក្នុងស្រុករបស់ខ្មែរ និងស្រដៀងគ្នានឹងបណ្ដាញសង្គម KakaoTalk របស់កូរ៉េ។ NCHIVE បានចាប់ផ្ដើមចូលរួមពិធីប្រកាសជាទូតសុច្ឆនៈ និងសកម្មភាពចុះហត្ថលេខាសម្រាប់អ្នកគាំទ្រនៅឯផ្សារទំនើបអូឡាំព្យា ។
អំឡុងស្ថិតនៅក្នុងទីក្រុងភ្នំពេញ ក្រុមតារាចម្រៀងប្រុស NCHIVE នឹងជួយផ្សព្វផ្សាយកម្មវិធី ផ្ដល់បទសម្ភាសន៍សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងរៀបចំព្រឹត្តិការណ៍សម្រាប់អ្នកគាំទ្រ ក៏ដូចជាធ្វើដំណើរកម្សាន្តនៅឯសាលារៀន និងសម្ដែងនៅតាមផ្លូវថ្មើរជើងជាដើម។ នៅពេលបញ្ចប់ដំណើរកម្សាន្តនៅកម្ពុជា NCHIVE នឹងបន្តដំណើរទៅកាន់តំបន់អឺរ៉ុប និងអាម៉េរិកខាងត្បូង នៅចន្លោះខែវិច្ឆិកា ឆ្នាំ ២០២៥ រហូតដល់ខែមករា ឆ្នាំ ២០២៦ ។
ដំណើរកម្សាន្តនៅកម្ពុជានាខណៈនេះ ស្ថិតនៅក្រោមការគ្រប់គ្រង និងរៀបចំដោយ K'VE Entertainment ដែលជាទីភ្នាក់ងារកម្សាន្តបែបកូរ៉េតែមួយគត់នៅកម្ពុជា។ ជាមួយនឹងភាពជាដៃគូថ្មីរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា និងបណ្ដាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ទីភ្នាក់ងារ K'VE បានកំណត់គោលដៅក្នុងការជួយបង្កើនប្រជាប្រិយភាពក្រុម NCHIVE នៅក្នុងតំបន់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ ទំព័រហ្វេសប៊ុក Nchive Official | រូបភាព៖ Nchive Official/ K'VE Entertainment/ Angkor Life