ព័ត៌មានអន្តរជាតិ

ភាគហ៊ុនទីក្រុងសៀងហៃកើនឡើង ខណៈហុងកុងមានស្ថិរភាព ក្រោយអាម៉េរិកសម្រេចបន្តពន្យារពន្ធគយ ៩០ថ្ងៃ

image


ចិន៖ នៅថ្ងៃអង្គារនេះ តម្លៃភាគហ៊ុននៅក្នុងប្រទេសចិន បានកើនឡើង ខណៈភាគហ៊ុននៅហុងកុងរក្សាស្ថិរភាពដដែល។ រឿងនេះ បានកើតឡើងដោយសារតែសហរដ្ឋអាម៉េរិក និងចិនបានយល់ព្រមបន្តការផ្អាកលើការដំឡើងពន្ធជាបន្តទៀតសម្រាប់រយៈពេល ៩០ ថ្ងៃ ចាប់ពីពេលនេះរហូតដល់ពាក់កណ្ដាលខែវិច្ឆិកា ។

ការផ្អាកពន្ធនេះ មានន័យថា ពន្ធពេញលេញលើទំនិញរបស់ប្រទេសចិន ដែលនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក នឹងមិនទាន់កើតឡើងនៅឡើយទេ ដែលកត្តានេះបានធ្វើឱ្យអ្នកវិនិយោគមានអារម្មណ៍ជឿជាក់កាន់តែខ្លាំង ។

ផ្សារហ៊ុននៅទីក្រុងសៀងហៃ បានកើនឡើង ០.៥១% ខណៈដែលសន្ទស្សន៍ទីផ្សារភាគហ៊ុនដ៏សំខាន់របស់ហុងកុង គឺភាគហ៊ុនហាងសឹង (Hang Seng) រក្សាស្ថិរភាពដដែល ពោលគឺនៅត្រឹម ២៤,៩២៩.៣៤ ពិន្ទុ។

ថ្មីៗនេះ ទីផ្សារភាគហ៊ុនរបស់ប្រទេសចិន បាននឹងកំពុងកើនឡើង ខណៈដែលអ្នកវិនិយោគសង្ឃឹមថា កិច្ចពិភាក្សាអំពីបញ្ហាពន្ធគយរវាងសហរដ្ឋអាម៉េរិក និងចិននាពេលអនាគត នឹងនាំឱ្យមានការកាត់បន្ថយពន្ធគយ និងជម្លោះពាណិជ្ជកម្មតិចជាងមុន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect | រូបភាព៖ SCMP/ Travel Guide/ The Island/ istock