លោក លី ហុង ម្ចាស់ហាង ហ្វឺហុង និងក្រុមគ្រួសារ បរិច្ចាគ ៥០០ ០០០រៀល ជូនមូលនិធិទ្រទ្រង់ជនភៀសសឹក ដំណាក់កាលទី២
ភ្នំពេញ៖ លោក លី ហុង ម្ចាស់ហាង ហ្វឺហុង និងក្រុមគ្រួសារ បរិច្ចាគ ៥០០ ០០០រៀល ជូនមូលនិធិទ្រទ្រង់ជនភៀសសឹក ដំណាក់កាលទី២ ផ្តួចផ្តើមបង្កើតឡើងដោយអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន។
គួររំលឹកថា តបតាមការអំពាវនាវពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, មូលនិធិ ទ្រទ្រង់ជនភៀសសឹក ក្រោមកិច្ចសហការរវាងសមាគមសិល្បករខ្មែរ, ក្រុមហ៊ុន សែលខាត, ធនាគារ វីង និងក្រុមហ៊ុន CBS បានចាប់ផ្តើម ដំណាក់កាលទី២ ដើម្បីកៀរគរថវិកាជួយដល់កងទ័ពដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាពជាតិនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងជនភៀសសឹក។
ការបង្កើតមូលនិធិទ្រទ្រង់នេះ គឺដើម្បីសម្រួលដល់ប្រជាពលរដ្ឋ និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន អាចចូលរួមបរិច្ចាគថវិកាតាមលទ្ធភាព តាមរយៈប្រព័ន្ធធនាគារវីង ហើយថវិកាដែលប្រមូលបាន នឹងយកទៅជួយទ្រទ្រង់ដល់កងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារព្រំដែន និងជនភៀសសឹក។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន តាមរយៈថ្លែងការណ៍ចេញពីព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជា។ ជាងនេះទៅទៀត នៅអំឡុងនៃការធ្វើសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី២ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានសមាជ ក៏បានអំពាវនាវដល់ស្ថានីយទូរទស្សន៍ និងវិទ្យុ បង្កើតជាមូលនិធិទ្រទ្រង់កងទ័ពការពារជាតិ ដូចកាលឆ្នាំ២០០៨ ២០០៩ ២០១០ និង២០១១។
សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមភ្ជាប់និស្ស័យជាមួយកងទ័ព និងជាមួយជាតិ និងទឹកដីទាំងអស់គ្នា តាមរយៈមូលនិធិនេះផងដែរ។
គួររំលឹកផងដែរថា កាលពីឆ្នាំ២០០៨ ក្រុមហ៊ុន CBS របស់អ្នកឧកញ៉ា គិត ម៉េង បានបង្កើតមូលនិធិ CTN ដើម្បីប្រមូលថវិកាជួយដល់កងទ័ពដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាពិសេស គឺជួយទ្រទ្រង់ទៅដល់តំបន់ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របី៕