ចិន រៀបចំពិធីដង្ហែក្បួនព្យុហយាត្រាយោធាដ៏ធំ អមដោយវត្តមានរបស់មេដឹកនាំរុស្ស៊ី និងកូរ៉េខាងជើង
ចិន៖ ស្ថិតនៅក្នុងរដ្ឋធានីប៉េកាំងនាថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានរៀបចំពិធីដង្ហែក្បួនព្យុហយាត្រាយោធាដ៏ធំបំផុតមិនធ្លាប់មាន ដើម្បីប្រារព្ធខួប ៨០ឆ្នាំ ចាប់តាំងពីជប៉ុនបរាជ័យនៅក្នុងសង្គ្រាមលោកលើកទីពីរ ។
នៅក្នុងពិធីនោះ មានការចូលរួមដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពុទីន (Vladimir Putin) និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) ខណៈមេដឹកនាំលោកខាងលិចភាគច្រើនមិនបានចូលរួមព្រឹត្តិការណ៍នេះទេ។ លោកស៊ី (Xi) បានក្រើនរម្លឹកថា ពិភពលោកឥឡូវនេះ ប្រឈមមុខនឹងជម្រើសរវាងសន្តិភាព និងសង្រ្គាម ក៏ដូចជាការសន្ទនា និងជម្លោះ ។
ក្បួនដង្ហែបានបង្ហាញពីកំណើនអំណាចយោធារបស់ចិន ដោយមានកាំជ្រួចមីស៊ីល រថក្រោះ យន្តហោះគ្មានមនុស្សបើក និងឧទ្ធម្ភាគចក្រដែលបានបង្ហាញជាសាធារណៈនៅក្នុងក្បួនដង្ហែ ខណៈដែលមនុស្សជាង ៥ម៉ឺននាក់បានបង្ហាញវត្តមានចូលរួមនៅឯទីលាន ធៀនអានមិន (Tiananmen) ដើម្បីទស្សនាព្រឹត្តិការណ៍ព្យុហយាត្រាដ៏ធំនេះ ។
នៅក្នុងព្រឹត្តិការណ៍នោះ លោកប្រធានាធិបតីស៊ី (Xi) ដែលស្លៀកសម្លៀកបំពាក់ដូចគ្នាទៅនឹងឈុតរបស់អតីតមេដឹកនាំ ម៉ៅ សេទុង (Mao Zedong) បានធ្វើការទទួលស្វាគមន៍បណ្ដាមេដឹកនាំបរទេសមកពីប្រទេសចំនួន២៦ ដែល ភាគច្រើនជាមេដឹកនាំមកពីបណ្ដាប្រទេសមិនមែនលោកខាងលិច ។
ក្នុងនោះ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto) ស្រាប់តែបានបង្ហាញវត្តមានយ៉ាងគួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពីលោកបានប្រកាសថាលុបចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដោយសារតែមានបាតុកម្មជាបន្តបន្ទាប់នៅក្នុងស្រុក ។
ក្នុងពេលដំណាលគ្នា តាមរយៈបណ្ដាញសង្គម ទ្រូសសូសល់ (Truth Social) ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានធ្វើអត្ថាធិប្បាយក្នុងអំឡុងព្រឹត្តិការណ៍នេះថា អាម៉េរិកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រទេសចិនឱ្យទទួលបានសេរីភាពពីប្រទេសជប៉ុន។ បន្ថែមពីនេះ លោកមិនបានឃើញថា ក្បួនដង្ហែររបស់ចិន ជាបញ្ហាប្រឈមសម្រាប់អាម៉េរិកនោះទេ ហើយលោកបានសង្កត់ធ្ងន់លើទំនាក់ទំនងល្អរបស់លោកជាមួយប្រធានាធិបតីស៊ី (Xi) ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters & Viory | រូបភាព/ Photo៖ Florence Lo, Tingshu Wang & Maxim Shemetov on REUTERS