កម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំកម្មវិធីតស៊ូមតិរបស់យុវជនស្តីពី សិទ្ធិមនុស្ស របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស
ភ្នំពេញ៖ តំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីតស៊ូមតិរបស់យុវជនស្តីពី សិទ្ធិមនុស្សរបស់អាយឆា នាថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារ FairField by Marriot Phnom Penh និងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ។
តំណាងលោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាតំណាងកម្ពុជាប្រចាំ អាយឆា លោកស្រី អ៊ុច និពន្ធ តំណាងរងកម្ពុជាប្រចាំ អាយឆា បានបញ្ជាក់ពីវត្ថុបំណងសំខាន់ៗនៃកម្មវិធីតស៊ូមតិរបស់យុវជនកម្រិតតំបន់អាស៊ាននេះ រួមមាន ដើម្បីបញ្ជ្រាបការយល់ដឹងអំពីសិទ្ធិមនុស្ស បំណិននិយាយ ភាពជាអ្នកដឹកនាំ និងសាមគ្គីភាព ក្នុងចំណោមយុវជនអាស៊ាន ជាដើម។ បន្ថែមលើនេះ លោកស្រីក៏បានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់របស់យុវជនក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ព្រោះពួកគេនឹងក្លាយទៅជាអ្នកដឹកនាំសង្គមជាតិនាពេលអនាគត។ លោកស្រីក៏បានថ្លែងអំណរគុណតំណាងអាយឆា ក៏ដូចជាលេខាធិការដ្ឋានអាស៊ាន ដែលតែងតែគាំទ្រដល់គំនិតផ្តួចផ្តើម និងកម្មវិធីផ្សេងៗរបស់អាយឆាកម្ពុជា ជាពិសេសរដ្ឋាភិបាលអូស្ត្រាលី តាមរយៈគណៈកម្មការសិទ្ធិមនុស្សអូស្ត្រាលី (AHRC) ដែលបានគាំទ្រដល់ការរៀបចំកម្មវិធីតស៊ូមតិនាពេលនេះ។
អនុប្រធានស្ថានបេសកកម្ម តំណាងស្ថានទូតអូស្ត្រាលប្រចាំកម្ពុជា បានបង្ហាញលោកស្រី Bridget Collier អនុប្រធានស្ថានបេសកកម្មតំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានបង្ហាញការសាទរចំពោះកម្មវិធីតស៊ូមតិនេះ និងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអូស្ត្រាលីចំពោះវិស័យសិទ្ធិមនុស្ស និងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន រួមទាំងការគាំទ្រដល់ការអនុវត្តផែនការការងារប្រាំឆ្នាំរបស់អាយឆា។ លោកស្រីក៏បានបន្ថែមថា កម្មវិធីតស៊ូមតិនេះបានផ្តល់ឱកាសដ៏សំខាន់មួយដល់យុវជនអាស៊ានក្នុងការចែករំលែកមតិយោបល់ កង្វល់ ព្រមទាំងអាទិភាពនៃវិស័យសិទ្ធិមនុស្ស។
លោក Edmund Bon Tai Soon ប្រធាន និងជាតំណាងប្រទេសម៉ាឡេស៊ីប្រចាំអាយឆា បានថ្លែងអំណរគុណដល់អាយធាកម្ពុជាដែលបានរៀបចំកម្មវិធីនេះឡើង និងថា អាយឆាកម្ពុជាឈានមុខគេក្នុងការយកចិត្តទុកដាក់លើយុវជន ព្រមទាំងបានរម្លឹកពីប្រធានបទសិទ្ធិមនុស្សនៃកម្មវិធីតស៊ូមតិស្តីពីសិទ្ធិមនុស្សរបស់អាយឆាចំនួន ៦លើក នាពេលកន្លងមក។ ក្នុងនោះលោកក៏បានអះអាងថា ការជជែកអំពីសិទ្ធិមនុស្សជាការលំបាក និងមានលក្ខណៈរសើប ប៉ុន្តែអាយឆាបានខិតខំក្នុងការផ្តល់លម្ហប្រកបដោយសុវត្ថិភាពមួយដល់យុវជនក្នុងការជជែកពិភាក្សាដេញដោលលើប្រធានបទជាច្រើនក្នុងវិស័យសិទ្ធិមនុស្ស។
លោកស្រីសាស្ត្រាចារ្យ Amy Maguire guire សមាជិកក្រុមប្រឹក្សាស្រាវជ្រាវនៃ AHRC បានបង្ហាញពីតួនាទី AHRC ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស និងវិស័យជាអាទិភាពដែលគណៈកម្មការនេះកំពុងផ្តោតលើ។ លោកស្រីសាស្ត្រាចារ្យក៏បានចែករំលែកអំពីការដោះស្រាយបណ្ដឹង និងការគាំទ្ររបស់ AHRC ដល់ការស្រាវជ្រាវពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ និងផលប៉ះពាល់លើសិទ្ធិមនុស្ស ព្រមទាំងការគាំទ្រដល់យុវជនទាំងក្នុងប្រទេសអូស្ត្រាលី និងក្នុងតំបន់អាស៊ាន។
លោកស្រី Dato' Astanah Abdul Aziz អគ្គលេខាធិការរងអាស៊ាន បានសម្តែងនូវការកោតសរសើរដល់ អាយឆា ដែលតែងតែយកចិត្តទុកដាក់ចំពោះយុវជន និងបានលើកឡើងថា កម្មវិធីតស៊ូមតិរបស់យុវជនស្តីពីសិទ្ធិមនុស្ស គឺជាវេទិកាមួយដ៏សំខាន់សម្រាប់ការលើកកម្ពស់ការយល់ដឹង និងជំរុញកិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សក្នុងចំណោមយុវជន អាស៊ាន។ លោកស្រី ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់អាស៊ានលើវិស័យសិទ្ធិមនុស្ស តាមរយៈការបង្កើតយន្តការស្ថាប័នផ្សេងៗ និងលិខិតុបករណ៍សិទ្ធិមនុស្សអាស៊ាន ជាដើម។ ទន្ទឹមនេះ លោកស្រីក៏បានផ្តល់នូវទស្សនទានមួយចំនួន ដើម្បីធានាដល់ការផ្តល់សិទ្ធិអំណាចដល់យុវជន។
លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាតំណាងកម្ពុជាប្រចាំ អាយឆា បានអញ្ជើញជាអធិបតីក្នុងពិធីបិទកម្មវិធីតស៊ូមតិនេះ និងបានលើកឡើងថា កម្មវិធីតស៊ូមមតិនាពេលនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ហើយបំណងប្រាថ្នារបស់យុវជនបានរម្លឹកយើងពីសារៈសំខាន់នៃសន្តិភាព និងសិទ្ធិមនុស្ស បើគ្មានសន្តិភាពយើងនឹងមិនអាចមានសូម្បីតែសិទ្ធិរស់រានមានជីវិត។ សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។ នៅកម្រិតអាស៊ាន ការរួបរួម និងការប្រែក្លាយភាពខុសគ្នាឱ្យទៅជាមូលដ្ឋានសម្រាប់សន្តិភាព វិបុលភាព និងការគោរពសិទ្ធិមនុស្សនៅតែជាចំណុចខ្លាំងរបស់អាស៊ាន។ យុវជនបានបញ្ចេញសមត្ថភាព និងវោហារសាស្ត្រយ៉ាងប៉ិនប្រសប់ជាមួយ ឥរិយាបថគួរជាទីពេញចិត្ត តែយ៉ាងណាក្នុងនាមជាអ្នកដឹកនាំនាពេលអនាគតត្រូវតែខិតខំបន្ថែមទៀត ហើយអាស៊ានត្រូវរួមគ្នាប្រែក្លាយគោលការណ៍សិទ្ធិមនុស្សឱ្យទៅជាសកម្មភាពជាក់ស្តែង។ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ភាគីអូស្ត្រាលីដែលបានគាំទ្រដល់កម្មវិធីនេះ រួមទាំងភាគីពាក់ព័ន្ធទាំងអស់ដែលបានរួមចំណែកធ្វើឱ្យកម្មវិធីតស៊ូមតិ របស់យុវជនលើកទី៧ អាចដំណើរការទៅបានដោយជោគជ័យ។
សូមបញ្ជាក់ថា កម្មវិធីតស៊ូមតិនេះមានប្រធានបទចំនួនប្រាំពាក់ព័ន្ធនឹងការពរពោះជំនួស សិទ្ធិស្ត្រី សិទ្ធិកុមារ ធម្មនុញ្ញអាស៊ាន និងសិទ្ធិទទួលបានការអប់រំ។ ជាលទ្ធផល ក្នុងចំណោមយុវជននៃប្រទេសសមាជិកអាស៊ានដែលបានចូលរួម យុវជនទទួលបានជ័យលាភីនិយាយល្អបំផុត ក្នុងចំណោមប្រធានបទទាំងប្រាំ រួមមាន យុវជនកម្ពុជាចំនួន ៣រូប ឥណ្ឌូណេស៊ី ១រូប និងសិង្ហបុរី ១រូប។ កម្មវិធីនេះ ទទួលបានការគាំទ្រផ្នែកថវិកាពីមូលនិធិ អាយឆា និងពីរាជរដ្ឋាភិបាលអូស្ត្រាលី និងដោយមានការចូលរួមពីតំណាងប្រទេសអាស៊ានប្រចាំអាយឆា តំណាងប្រទេសអូស្ត្រាលី និង AHRC ប្រទេសទីម័រខាងកើត ស្ថាប័នតាមវិស័យរបស់អាស៊ាន លេខាធិការដ្ឋានអាស៊ាន ស្ថាប័នសិទ្ធិមនុស្សជាតិនៃប្រទេសសមាជិកអាស៊ាន យុវជនអាស៊ាន តំណាងស្ថានទូត និងក្រសួងស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ១២០នាក់៕