រដ្ឋមន្ត្រីសុខាភិបាល៖ ថ្នាក់ដឹកនាំ ត្រូវមានការត្រៀមខ្លួន និងរស់រវើកជាប់ជានិច្ច ចំពោះផលប៉ះពាល់ដល់ភាពជោគជ័យ ឬ បរាជ័យរបស់គម្រោងការងារ
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ដើម្បីក្លាយទៅជាអ្នកដឹកនាំស្ថិតនៅក្នុងភាពសកម្ម ត្រូវមានចំនុចគន្លឹះទាំង២ដូចជា ទី១- អ្នកដឹកនាំត្រូវមានការត្រៀមខ្លួន និងរស់រវើកជាប់ជានិច្ច(be attentive) ទៅលើកត្តាផ្សេងៗដែលអាចប៉ះពាល់ដល់ភាពជោគជ័យ ឬ បរាជ័យរបស់គម្រោងការងារ។ ទី២-អ្នកដឹកនាំត្រូវមានការព្យាយាមស្វិតស្វាញ (perseverance) និងប្រកាន់យកឥរិយាបទវិជ្ជមានពេលប្រឈមនឹងឧបសគ្គចំពោះមុខ។
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លើកឡើងបែបនេះ ក្នុងឱកាសចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ និងលទ្ធិសម្ភារៈនិយមវិចារវិទ្យា ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៥៨៥នាក់។
លោកសាស្ត្រាចារ្យបន្ថែមថា ក្រៅពីចំនុចគន្លឺះលើភាពជាអ្នកដឹកនាំទាំងពីរខាងលើនេះ លោកសាស្រ្តាចារ្យ បានបន្តលើកយកទ្រឺស្តីនៃការយល់ដឹងរបស់មនុស្សតាមលទ្ធិសម្ភារៈនិយមវិចារវិទ្យា ដោយធ្វើការពន្យល់ពីការវិវត្តន៍នៃការយល់ដឹងរបស់មនុស្ស ដែលអាចកើតឡើងដោយ ការពិចារណាបែបសកម្ម និងការវិវត្តន៍របស់សង្គម និងពិភពលោក។
ជាមួយគ្នានេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលេចនូវភាពចាំបាច់នៃការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំសុខាភិបាល គ្រប់ជាន់ថ្នាក់ក្នុងការចូលរួមបង្កើតលទ្ធភាពដែលធ្វើឱ្យវិស័យសុខាភិបាល អាចមានភាពរីកចម្រើននាពេលកន្លងមកនឹងទៅអនាគត៕
អត្ថបទ៖ គង់ វណ្ណៈ