ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលមានជីវភាពដ៏យ៉ាប់យ៉ឺនស្រាប់ ប្រឈមនឹងការនិរទេសចេញពីប្រទេសឥណ្ឌា
ឥណ្ឌា៖ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលរស់នៅក្នុងទីក្រុងចាំមូ (Jammu) ប្រទេសឥណ្ឌា កំពុងប្រឈមមុខនឹងចំណាត់ការនិរទេសត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងទីកន្លែងផ្សេងទៀត ដោយគោលបំណងនេះនាំឱ្យមានការរិះគន់ជាអន្តរជាតិថាជាការសម្រេចចិត្តដ៏អមនុស្សធម៌ និងរំលោភសិទ្ធិជាមូលដ្ឋាន ។
ក្នុងពេលដំណាលគ្នានោះ ជនភៀសខ្លួនរស់នៅក្នុងស្ថានភាពដ៏យ៉ាប់យ៉ឺនស្រាប់ទៅហើយ ដោយគ្មានទឹកស្អាត គ្មានអាហារគ្រប់គ្រាន់ មិនមានការថែទាំសុខភាពត្រឹមត្រូវ កង្វះអនាម័យនាំឱ្យមានជំងឺរីករាលដាលយ៉ាងឆាប់រហ័ស មិនទទួលបានការអប់រំ ឬស្ទើរតែមិនមានការងារធ្វើតែម្ដង ។
ចាប់តាំងពីខែឧសភាមក ប្រទេសឥណ្ឌា បាននិរទេសជនជាតិរ៉ូហ៊ីងយ៉ាជាច្រើននាក់ជាបន្តបន្ទាប់គ្នា ដោយហៅពួកគេថាជា «ជនអន្តោប្រវេសន៍ខុសច្បាប់» នៅក្រោមច្បាប់របស់ឥណ្ឌា។ ខ្លះត្រូវបញ្ជូនទៅកាន់ប្រទេសបង់ក្លាដេស្ហ ខ្លះទៀតបញ្ជូនដោយផ្ទាល់ទៅកាន់មីយ៉ាន់ម៉ា ។
តុលាការកំពូលរបស់ប្រទេសឥណ្ឌា បានសម្រេចថា ជនជាតិរ៉ូហ៊ីងយ៉ា នឹងត្រូវនិរទេសចេញពីប្រទេសឥណ្ឌា ដោយសារតែពួកគេគ្មានសិទ្ធិស្របច្បាប់ក្នុងការស្នាក់នៅក្នុងប្រទេសនេះឡើយ។ ជនភៀសខ្លួនជាច្រើននាក់ រស់នៅដោយភាពភ័យខ្លាចគ្រប់ពេលវេលា និងមិនដឹងថា តើពេលណាឬម៉ោងណា ពួកគេនឹងត្រូវបានបង្ខំឱ្យចាកចេញជាបន្តទៀតនោះទេ ។
គួររម្លឹកថា ប្រជាជនរ៉ូហ៊ីងយ៉ា គឺជាជនជាតិភាគតិចមូស្លីមមកពីប្រទេសមីយ៉ាន់ម៉ា ដែលបានប្រឈមមុខនឹងអំពើហិង្សា ការរើសអើង និងការកាប់សម្លាប់យ៉ាងរង្គាលជាច្រើនទសវត្សរ៍មកហើយ។ ពួកគេបានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ដើម្បីតែសុំរស់រានមានជីវិត បន្ទាប់ពីទទួលរងនូវអំពើប្រល័យពូជសាសន៍ និងសកម្មភាពដ៏ឃោរឃៅផ្សេងៗ ប៉ុន្តែឥឡូវនេះ សូម្បីតែនៅក្នុងប្រទេសឥណ្ឌា ពួកគេតស៊ូជារៀងរាល់ថ្ងៃជាមួយនឹងភាពក្រីក្រ និងកង្វះតម្រូវការមូលដ្ឋានស្រាប់ទៅហើយ ហើយក៏ត្រូវរងនូវការគំរាមកំហែងឥតឈប់ឈរពាក់ព័ន្ធនឹងចំណាត់ការនិរទេស ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Viory | រូបភាព/ Photo៖ Viory/ Getty Images on BBC/ BBC File