ព័ត៌មានអន្តរជាតិ

មេដឹកនាំតស៊ូមតិសិទ្ធិប៉ាឡេស្ទីន លោក Bargouti ក្រើនរម្លឹកឥណ្ឌូណេស៊ី កុំឱ្យចាញ់ឧបាយកលរបស់អ៊ីស្រាអ៊ែល

image


ឥណ្ឌូណេស៊ី៖ មេដឹកនាំនយោបាយ និងជាសកម្មជនដែលតស៊ូមតិដើម្បីសិទ្ធិជាតិប៉ាឡេស្ទីន លោក មូស្តាហ្វា បាហ្គូទី (Mustafa Barghouti) បានក្រើនរម្លឹកទៅកាន់ប្រទេសឥណ្ឌូណេស៊ី សូមកុំទទួលយកការផ្ទេរជនជាតិប៉ាឡេស្ទីនមកកាន់ប្រទេសរបស់ខ្លួនឱ្យសោះ ព្រោះតែវានឹងក្លាយជាការចូលរួមជាមួយសកម្មភាពបោសសម្អាតជាតិប៉ាឡេស្ទីនជាក់ជាមិនខានឡើយ។ លោកបានរៀបរាប់យ៉ាងដូច្នេះ អំឡុងស្ថិតនៅក្នុងសន្និសីទកាសែតក្នុងរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃអង្គារ ទី២ ខែកញ្ញា ។

លោកបានរៀបរាប់ជាបន្តទៀតថា អ៊ីស្រាអ៊ែល អះអាងថា ដំណើរការផ្ទេរប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សា គឺជាសកម្មភាពមនុស្សធម៌ ប៉ុន្តែមែនទែនទៅ វាគ្រាន់តែជាវិធីសាស្ត្រនៃការបោកប្រាស់បំភ័ន្តភ្នែកបណ្ដាប្រទេសអន្តរជាតិផ្សេងៗទៀតតែប៉ុណ្ណោះ ។

លោកបាហ្គូទី (Bargouti) បានធ្វើការស្នើដែរថា ជំនួយមនុស្សធម៌ គួរតែស្ថិតនៅក្នុងដែនដីរបស់ប៉ាឡេស្ទីនដោយផ្ទាល់ ដូចជាការកសាងមន្ទីរពេទ្យនៅតំបន់ហ្គាហ្សា និងបញ្ជូនសម្ភារៈផ្គត់ផ្គង់សម្រាប់គ្រូពេទ្យក្នុងតំបន់។ លោកក៏បានអំពាវនាវឱ្យបណ្តាប្រទេសអារ៉ាប់ និងមូស្លីមទាំងអស់ គួរតែបញ្ជូនជំនួយមនុស្សធម៌ ដើម្បីជួយប្រជាជននៅក្នុងតំបន់រងគ្រោះ ប៉ុន្តែមិនមែនបញ្ជូនទាហានឱ្យទៅប្រយុទ្ធជាមួយអ៊ីស្រាអ៊ែលនោះទេ ។

លើសពីនេះ លោកក៏បានរិះគន់អ៊ីស្រាអ៊ែល ចំពោះការសម្លាប់អ្នកកាសែតជាច្រើននាក់ ព្រមទាំងបដិសេធការអះអាងរបស់អ៊ីស្រាអ៊ែល ដោយឆ្លើយតបថា អ្នកកាសែតទាំងអស់មិនមានទំនាក់ទំនងណាមួយជាមួយនឹងក្រុមហាម៉ាស់នោះទេ ។

ជាងនេះទៀត លោកបានកោតសរសើរចំពោះប្រទេសរុស្ស៊ី សម្រាប់ការគាំទ្រប៉ាឡេស្ទីន និងរិះគន់ប្រទេសលោកខាងលិចដែលបានវិនិច្ឆ័យរុស្ស៊ីយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពនៅអ៊ុយក្រែន ប៉ុន្តែបែរជាមិនបានធ្វើដូចគ្នាចំពោះសង្គ្រាមអ៊ីស្រាអ៊ែល នៅតំបន់ហ្គាហ្សាឡើយ ។

គួររម្លឹកថា រហូតមកដល់ពេលនេះ ជម្លោះដែលបានចាប់ផ្ដើមកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ រវាងយោធាអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ បានឆក់យកអាយុជីវិតមនុស្ស ៦៣,៤៥០នាក់ និងរបួស ១៦០,២៥០នាក់នៅតំបន់ហ្គាហ្សា ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Viory | រូបភាព/ Photo៖ Viory/ Hatem Moussa via AP on ABC News/ Getty Images & Photoillustration on USA Today