ព័ត៌មានជាតិ

ក្រុមការងារក្រសួងកសិកម្ម ចុះពិនិត្យកម្មវិធី Smart Farm ដែលត្រូវបានបង្កើតឡើង ក្នុងគោលដៅជំរុញផលិតកម្មបន្លែនៅកម្ពុជា ក្នុងស្ថានភាពនៃការប្រែប្រួលអាកាសធាតុ

image



ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងកសិកម្ម លោក ហ៊ាន វណ្ណហន រួមជាមួយក្រុមការងារ នៅថ្ងៃទី២ ខែកញ្ញា បានចុះទៅកសិដ្ឋានវៃឆ្លាត (Smart Farm) របស់ស្ថានីយពិសោធន៍ដំណាំហូបផ្លែ និងរុក្ខជាតិលម្អដីឥដ្ឋ ស្ថិតនៅភូមិពពាល ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។

បើតាមលោករដ្ឋលេខាធិការ បានឱ្យដឹងថា កម្មវិធី Smart Farm បានដំណើរការសមស្របតាមលក្ខខណ្ឌសេដ្ឋកិច្ចសង្គមកម្ពុជា(កសិករ) ពិសេសជំរុញបង្កើនផលិតកម្មបន្លែនៅកម្ពុជា ក្នុងស្ថានភាពនៃការប្រែប្រួលអាកាសធាតុមិនអំណោយផល នៅរដូវកាលមួយចំនួន។

ក្នុងដំណើរចុះពិនិត្យនេះ ក្រុមការងារ ក៏បានចុះទៅស្ថានីយពិសោធកសិកម្មបន្ទាយដែក ដែលធ្វើការស្រាវជ្រាវ និងផលិតពូជពោតអ៊ីប្រីដកម្ពុជា នៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល និងជួបពិភាក្សាជាមួយក្រុមការងារបច្ចេកទេសក្រុមហ៊ុន ត្រូភីខេម ច្រូត អេន វេជីថេប៊ល ឯ.ក លើដំណើរការរៀបចំមជ្ឈមណ្ឌលបន្លែសុវត្ថិភាព លើផ្ទៃដី ៦ហិកតា នៅស្ថានីយបន្ទាយដែក ក្រោមកិច្ចសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ដែលមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ ធ្វើឡើងតាមបច្ចេកទេសទំនើប ក្នុងបំណងផ្គត់ផ្គង់បន្លែសុវត្ថិភាព ឆ្លើយតបនឹងទីផ្សារ និងជាកន្លែងសិក្សា ផ្លាស់ប្តូរបទពិសោធ និងអភិវឌ្ឍន៍បច្ចេកទេសថ្មីៗ។

ឆ្លៀតក្នុងឱកាសនោះលោករដ្ឋលេខាធិការ ចុះពិនិត្យស្ថានភាពផលិកម្មបន្លែ ក្នុងផ្ទះសំណាញ់ ទីតាំងវិចខ្ចប់ និងឃ្លាំងស្ដុកទុក របស់ក្រុមហ៊ុនក្នុងកសិដ្ឋានផ្ទាល់ ដើម្បីឱ្យក្រុមការងារជំនាញក្រសួងពិនិត្យវាយតម្លៃ សហការគាំទ្រ ក្នុងការចូលរួមជួយជំរុញផលិតភាពរបស់ក្រុមហ៊ុន ក៏ដូចជាជំរុញផលិតភាពផលិតកម្មសាកវប្បកម្មកម្ពុជា ស្របតាមបរិបទថ្មីនេះ ផងដែរ ៕

អត្ថបទ៖ គង់ វណ្ណៈ