ព័ត៌មានអន្តរជាតិ

យុវជនកម្ពុជាទទួលបានជ័យលាភីចំនួន៣ ក្នុងការនិយាយបានល្អបំផុតពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ក្នុងវេទិការតស៊ូមតិរបស់យុវជនអាស៊ាន រៀបចំដោយគណៈកម្មាធិការរដ្ឋាភិបាលអាស៊ាន ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ

image



ភ្នំពេញ៖ កម្ពុជាធ្វើម្ចាស់ផ្ទះជាលើកទី២រៀបចំវេទិការតស៊ូមតិរបស់យុវជនអាស៊ានលើកទី៧ ដែលរៀបចំដោយគណៈកម្មាធិការរដ្ឋាភិបាលអាស៊ាន(អាយឆា) នៅថ្ងៃទី១ ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងប្រធានបទ ការពរពោះជំនួស សិទ្ធិស្ត្រី សិទ្ធិកុមារ ធម្មនុញ្ញអាស៊ាន និងសិទ្ធិទទួលបានការអប់រំ។ ក្នុងចំណោម ៥ប្រធានបទនេះយុវជនកម្ពុជាដណ្តើមបានពានចំនួន ៣ប្រធានបទ ក្នុងចំណោមយុវជនអាស៊ានមកពី ៧ប្រទេស រួមមាន កម្ពុជា ម៉ាឡេស៊ី ឥណ្តូនេស៊ី ឡាវ ភីលីពីន មីយ៉ាន់ម៉ា និងសឹង្ហបុរី។

លោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា តាមរយៈវេទិការតស៊ូមតិរបស់យុវជនអាស៊ាននេះ បានបញ្ជាក់ពីសមត្ថភាពខ្លាំងរបស់យុវជនកម្ពុជាក្នុងចំណោមយុវជនបណ្តាប្រទេសអាស៊ាន ដែលពួកគាត់មានការយល់ដឹងច្រើនពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ទន្ទឹមនេះលោកក៏បានក្រើនរម្លឹកដល់យុវជនត្រូវខិតខំសិក្សារៀនសូត្រ ស្រាវជ្រាវបន្ថែមទៀតដើម្បីឱ្យខ្លួនឯងកាន់តែមានសមត្ថភា និងមានមូលដ្ឋានក្នុងការនិយាយឱ្យបានកាន់តែល្អបន្ថែមទៀត។ សម្រាប់វេទិការនៅថ្ងៃនេះគឺជាការស្ទាបស្ទង់ពីសមត្ថភាព ក៏ដូចជាការសិក្សាពីគ្នាទៅវិញទៅមកក្នុងចំណោមយុវជនមកពីបណ្តាប្រទេសអាស៊ាន។

កញ្ញា ភុំ សិរីស័ក្ខណា ដែលជាម្ចាស់ជ័យលាភីមួយរូប បានយល់ឃើញថា តាមរយៈវេទិការនេះបញ្ជាក់ថា ប្រព័ន្ធអប់រំនៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ហើយក៏បញ្ជាក់ផងដែរអំពី សិទ្ធិទទួលបានការអប់រំនៅកម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលបានកចិត្តដាក់។ កញ្ញាបានមើលឃើញថា ធនធានមនុស្សនៅកម្ពុជាអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសនៅតំបន់អាស៊ានបាន ប៉ុន្តែនៅមានចំណុចខ្លះយុវជនកម្ពុជាក៏ត្រូវសិក្សាពីគេដែរដើម្បីអភិវឌ្ឍខ្លួនឯង។ ទន្ទឹមនេះយុវជនជំនាន់ក្រោយត្រូវខិតខំសិក្សាអភិវឌ្ឍចំណេះដឹងឱ្យបានកាន់តែខ្លាំងបន្ថែមទៀត ខណៈការប្រកួតប្រជែងផ្នែកចំណេះដឹងមានកាន់តែខ្លាំងឡើងៗនៅបណ្តាប្រទេសអាស៊ាន និងពិភពលោក។

សូមបញ្ជាក់ថា វេទិការតស៊ូមតិរបស់យុវជនអាស៊ានលើកទី៧ ដែលរៀបចំដោយគណៈកម្មាធិការរដ្ឋាភិបាលអាស៊ាន(អាយឆា) កម្ពុជាធ្វើម្ចាស់ផ្ទះនៅពេលនេះ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីសិទ្ធិមនុស្ស បំណិននិយាយ ភាពជាអ្នកដឹកនាំ និងសាមគ្គីភាពក្នុងចំណោមយុវជនអាស៊ាន។ វិទិការនេះទទួលបានការគាំទ្រផ្នែកថវិកាពីមូលនិធិ អាយឆា និងពីរាជរដ្ឋាភិបាលអូស្ត្រាលី និងដោយមានការចូលរួមពីតំណាងប្រទេសអាស៊ានប្រចាំអាយឆា តំណាងប្រទេសអូស្ត្រាលី និង AHRC ប្រទេសទីម័រខាងកើត ស្ថាប័នតាមវិស័យរបស់អាស៊ាន លេខាធិការដ្ឋានអាស៊ាន ស្ថាប័នសិទ្ធិមនុស្សជាតិនៃប្រទេសសមាជិកអាស៊ាន យុវជនអាស៊ាន តំណាងស្ថានទូត និងក្រសួងស្ថាប័នពាក់ព័ន្ធ៕