សេដ្ឋកិច្ច

IMF ដំឡើងការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៥ ដល់ ៤,៨%

image


ភ្នំពេញ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានដំឡើងការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០២៥ ដល់ ៤,៨% ពោលគឺខ្ពស់ជាងការព្យាករណ៍កាលពីខែមេសារបស់ខ្លួនក្នុងរង្វង់ ៤% ទោះបីរងផលប៉ះពាល់នៃភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពពាណិជ្ជកម្មសកល, ការអនុវត្តអត្រាពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ស្របពេលដែលមានស្ថានភាពតានតឹងនៅតាមបណ្ដោយព្រំដែនគោកកម្ពុជា-ថៃ ក៏ដោយ។

ការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជានេះ ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំ (Wrap-up Meeting) ដើម្បីបូកសរុប «លទ្ធផលនៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈនៃកម្ពុជាសម្រាប់ឆ្នាំ២០២៥» ដឹកនាំដោយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Kenichiro Kashiwase​ ប្រធានក្រុមជំនាញការបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក Kenichiro Kashiwase​ បានលើកឡើងថា កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៥ ត្រូវបានព្យាករនឹងសម្រេចបានក្នុងរង្វង់ ៤,៨% ដែលឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពពាណិជ្ជកម្មសកល, ការអនុវត្តអត្រាពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ស្របពេលដែលមានស្ថានភាពតានតឹងនៅតាមបណ្ដោយព្រំដែនគោកកម្ពុជា-ថៃ។

យ៉ាងណាមិញ, ផ្អែកតាមការវាយតម្លៃរបស់ជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ, បើទោះបីជាទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានៅបន្តរក្សានូវភាពធន់ និងរក្សាចលនការកំណើនក្នុងឆ្នាំ២០២៥ និងរយៈពេលមធ្យមខាងមុខ, កម្ពុជានៅបន្តប្រឈមនឹងហានិភ័យចម្បងមួយចំនួន រួមមាន៖ ១)-ការបន្តកំណើនយឺតនៃសេដ្ឋកិច្ចសកល, ២)-ការថមថយនៃហិរញ្ញប្បទានដែលមានកម្រិតសម្បទានខ្ពស់, ៣)-ភាពតានតឹងនៃជម្លោះព្រំដែនគោកកម្ពុជា-ថៃ ដែលប៉ះពាល់ដល់ចរន្តពាណិជ្ជកម្ម, និង ៤)-ការកើនឡើងនៃសម្ពាធបំណុលក្នុងវិស័យហិរញ្ញវត្ថុ ជាដើម។

ជាមួយគ្នានេះ លោកប្រធានក្រុមជំនាញការបេសកកម្ម IMF បានគូសសង្កត់ធ្ងន់ថា សេដ្ឋកិច្ចកម្ពុជា នឹងបន្តចលនការក្នុងគន្លងនៃកំណើនរឹងមាំសម្រាប់រយៈពេលមធ្យមខាងមុខ ប៉ុន្តែគឺចាំបាច់ត្រូវជំរុញការអនុវត្តការងារកែទម្រង់ និងគោលនយោបាយមុតស្រួច ប្រកបដោយប្រ សិទ្ធភាព និងទាន់ពេលវេលា។

លោកបានផ្តល់អនុសាសន៍ថា ការកៀរគរចំណូលនៅតែបន្តជាអាទិភាព ក្នុងការបង្កើនឡើងវិញនូវទ្រនាប់ថវិកាជាតិ ស្របពេលដែលរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការដាក់ចេញនូវវិធានការអន្តរាគមន៍ចំពោះមុខ និងការបន្តលើកកម្ពស់ផលិតភាព និងសមត្ថភាពពលកម្ម, ការបង្កើនភាពប្រកួតប្រជែង, ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវគោលនយោបាយចម្រុះ រវាងគោលនយោបាយសារពើពន្ធ,​គោលនយោបាយរូបិយវត្ថុ និងការកែទម្រង់ជារចនាសម្ព័ន្ធ។

ជាមួយនឹងការថ្លែងអំណរគុណ និងការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការវាយតម្លៃរបស់ក្រុមជំនាញការបេសកកម្ម Article IV, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានធ្វើការកត់សម្គាល់ពីសង្គតិភាពនៃនិន្នាការកំណើន និងការវាយតម្លៃកំណើនតាមវិស័យសំខាន់ៗក្នុងឆ្នាំ២០២៥ បើទោះជាទំហំ និងការរំពឹងទុកសម្រាប់រយៈពេលខាងមុខនៅមានភាពខុសគ្នាបន្តិចបន្តួចក៏ដោយ។

ទន្ទឹមនេះ, លោកអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាន និងកំពុងគិតគូរដាក់ចេញនូវវិធានការអន្តរាគមន៍ជាកញ្ចប់ឱ្យចំគោលដៅ និងទាន់ពេលវេលាជាបន្តបន្ទាប់ ពិសេសដល់ក្រុមគ្រួសាររងគ្រោះដោយសារបញ្ហាជម្លោះតាមព្រំដែនគោកកម្ពុជា-ថៃ និងបងប្អូនពលករដែលវិលត្រឡប់មកមាតុភូមិវិញ ព្រមទាំងបន្តដោះស្រាយនូវបញ្ហាជារចនាសម្ព័ន្ធ ដូចជា ការបង្កើនផលិតភាព, ការលើកកម្ពស់សមត្ថភាពពលកម្ម, ការពង្រឹងអភិបាលកិច្ច, ការបង្កើនបរិយាកាសទាក់ទាញវិនិយោគ និងការធ្វើពិពិធកម្មទីផ្សារនាំចេញ សំដៅប្រែក្លាយបញ្ហាប្រឈមដែលកម្ពុជា កំពុងជួបប្រទះទៅជាកាលានុវត្តភាពក្នុងការជំរុញកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ទោះជាយ៉ាងណា​ ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជារបស់​ IMF នេះ គឺទាបជាងការព្យាកណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានវាយតម្លៃថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងកើនឡើងក្នុងរង្វង់ ៥% សម្រាប់ឆ្នាំ២០២៥នេះ ដោយសារការអនុវត្តពន្ធគយបដិការរបស់សហរដ្ឋអាមេរិក និងការបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ ដែលអាចនឹងបន្តអូសបន្លាយរហូតដល់ដំណាច់ឆ្នាំ៕

អត្ថបទ៖​ ចេង​ ឆហួត