ព័ត៌មានជាតិ

លទ្ធផលកិច្ចប្រជុំលើកទី២ ភាគីតំណាងកម្មករកាត់ដេរ បានស្នើរឡើងប្រាក់ឈ្នួល ១០ដុល្លារបន្ថែម ខណៈភាគីនិយោជក សូមរក្សានៅដដែល គឺ ២០៨ដុល្លារក្នុងមួយខែ សម្រាប់ឆ្នាំ២០២៦

image


ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៣ ខែកញ្ញានេះ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ជាលើកទី២ គឺដើម្បីបន្តពិភាក្សាគ្នាលើការកំណត់តួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៦។ កិច្ចប្រជុំ មានការចូលរួមពីភាគីសហជីពតំណាងកម្មករនិយោជិត, ភាគីតំណាងនិយោជក និងភាគីរដ្ឋាភិបាល។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ១១លើក រួមមាន កិច្ចប្រជុំ ត្រីភាគី ចំនួន ២លើក កិច្ចប្រជុំទ្វេភាគី ចំនួន ៣លើក កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិត ចំនួន ៣លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីនិយោជក ចំនួន៣លើក។ ភាគីពាក់ព័ន្ធ បានបន្តលើកហេតុផល និងបង្ហាញ នូវគោលជំហរផ្ទៃក្នុងរបស់ខ្លួនទៅវិញទៅមកប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំអំពីសំណើរបស់ខ្លួន។

ជាលទ្ធផល តំណាងភាគីកម្មករនិយោជិត បានស្នើនូវតួលេខកំណើនចំនួន ១០ដុល្លារអាម៉េរិក លើតួលេខ បច្ចុប្បន្ន ២០៨ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជក បានស្នើរក្សាតួលេខបច្ចុប្បន្ន ២០៨ដុល្លារអាម៉េរិក។

អង្គប្រជុំ បានឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដូចកាលវិភាគដែលបានព្រមព្រៀងគ្នាក្នុងសេចក្តីជូនដំណឹង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។

សូមបញ្ជាក់ថា មុនពេលចាប់ផ្តើមនៃកិច្ចប្រជុំ លោករដ្ឋមន្ត្រី ហេង សួរ បានស្នើគ្រប់ភាគីទាំងអស់ ត្រូវប្រើលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ដោយផ្តោតលើ ៧ចំណុចសំខាន់ៗ ដូចជា៖ ស្ថានភាពគ្រួសារ, អាត្រាអតិផរណា, ការចំណាយក្នុងការរស់នៅ, ផលិតភាព, ភាពប្រកួតប្រជែងរបស់ប្រទេស, ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។ ជាមួយគ្នានេះ គ្រប់ភាគីទាំងអស់ ត្រូវផ្តោតលើទិន្នន័យ និងការស្រាវជ្រាវបែបវិទ្យាសាស្រ្តដោយយោងលើលក្ខណវិនិច្ឆ័យទាំង៧ខាងលើ ដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្របសម្រួលផ្ទៃក្នុង និងប្រកាន់គោលជំហររួមជាមួយ៕