ព័ត៌មានអន្តរជាតិ

ស្លាប់មនុស្ស៣នាក់ ក្នុងឧបទ្ទវហេតុចាក់សម្លាប់ដ៏កម្រនៅឯហាងភីហ្សាក្នុងទីក្រុងសេអ៊ូល

image


សេអ៊ូល, កូរ៉េខាងត្បូង៖ សមត្ថកិច្ចឱ្យដឹងថា មានករណីចាក់សម្លាប់ដោយកាំបិតដ៏កម្រមួយបានកើតឡើងនៅម៉ោងប្រហែល ១១ព្រឹក (ម៉ោង៩ព្រឹកនៅកម្ពុជា) ថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ ២០២៥នេះ នៅក្នុងខណ្ឌ Gwanak រដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ។

ហេតុការណ៍នេះ បានកើតឡើងនៅពេលម្ចាស់ហាងភីហ្សា មានទំនាស់ពាក្យសម្ដីរឿងទូទាត់ប្រាក់ ជាមួយនឹងជាងជួសជុលនិងតុបតែងខាងក្នុងហាង រួចក៏ឈានដល់ការចាក់សម្លាប់នេះតែម្ដង។ ជនរងគ្រោះ រួមមានមនុស្សប្រុស ២នាក់ និងស្រីម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។

អាជ្ញាធរ បានឱ្យដឹងបន្ថែមថា ក្រោយពីធ្វើសកម្មភាពចាក់រួច បុរសជនសង្ស័យដែលមានអាយុជាង ៤០ឆ្នាំ បានព្យាយាមធ្វើអត្តឃាតសម្លាប់ខ្លួនឯងតាមក្រោយ ប៉ុន្តែមិនបានសម្រេចឡើយ។ ជនសង្ស័យនឹងត្រូវបាននាំទៅកាន់ទីតាំងឃុំខ្លួន ក្រោយទទួលបានការព្យាបាល ។

ជាធម្មតា កូរ៉េខាងត្បូងជាប្រទេសដែលមានសុវត្ថិភាពបំផុត ដោយមានអត្រាឃាតកម្មកម្រិតទាបបំផុត ប៉ុន្តែថ្មីៗនេះ មានហេតុការណ៍ចាក់សម្លាប់កាន់តែច្រើនឡើងៗ រួមទាំងករណីកាលពីខែឧសភាដែលបុរសម្នាក់បានចាក់សម្លាប់មន្ត្រីនគរបាលបីរូបផងដែរ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ AFP via CNA | រូបភាព/ Photo៖ KIM CHANG-YONG on Korea JungAng Daily/ Yonha/ MAEIL BUSINESS NEWSPAPER