ព័ត៌មានជាតិ

រដ្ឋមន្ត្រី កែវ រតនៈ៖ កម្ពុជា នឹងដាក់ពង្រាយស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីទ្រង់ ទ្រាយធំនៅគ្រប់ទីកន្លែងទូទាំងប្រទេស នាពេលឆាប់ៗខាងមុខនេះ

image


ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា នាពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងដាក់ពង្រាយស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីក្នុងទ្រង់ទ្រាយធំគ្រប់ទីកន្លែងទាំងអស់នៅទូទាំងប្រទេស ខណៈកម្ពុជាមានថាមពលស្អាតខ្ពស់ជាងគេនៅអាស៊ាន។ ហើយយើងនឹងឃើញមានរថយន្តគ្រួសារជាច្រើន ដែលនឹងឈប់ប្រើប្រេងម៉ាស៊ុត និងប្រេងសាំងតាមរយៈការប្រើរថយន្តអាគុយជំនួសមកវិញ។
ការលើកឡើងបែបនេះរបស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងពិធីជួបជុំនិវត្តជនអគ្គិសនីកម្ពុជា នៅទីស្នាក់ការកណ្តាលនៃអគ្គិសនីកម្ពុជា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។
លោករដ្ឋមន្ត្រី កែវ រតនៈ បានបន្តថា៖ “ការសាកអាគុយរថយន្ត គឺយើងត្រូវការប្រើពេលតែជាង ១០នាទីប៉ុណ្ណោះ ដូច្នេះយើងអាចបន្តធ្វើដំណើរបានរាប់រយគីឡូម៉ែត្រ ដោយពុំចាំបាច់ឈប់សាកអាគុយទៀតម្តងទៀតនោះទេ។ ម្យ៉ាងវិញទៀត យើងនឹងឃើញរថយន្តដឹកជញ្ជូន រួមទាំងរថយន្តបង្កកដឹកសម្ភារក្លាហ្សេ និងរថយន្តដឹកឥវ៉ាន់ធំៗ ដែលឈប់ប្រើម៉ាស៊ុតហើយឈានមកប្រើការសាកអាគុយ តាមរយៈការយកថ្លៃអគ្គិសនីថោក និងប្រើអគ្គិសនីស្អាតពីបណ្តាញជាតិ។”
លោករដ្ឋមន្ត្រី កែវ រតនៈ គូសបញ្ជាក់ថា ទោះបីជាកម្ពុជា មានវិបត្តិជាមួយប្រទេសថៃ ប៉ុន្តែកម្ពុជា គ្មានបញ្ហាអ្វីទាំងអស់ ដោយសារមុនមានវិបត្តិនេះប្រព័ន្ធបណ្តាញជាតិរបស់យើងមិនបានប្រើប្រាស់អគ្គិសនីពីប្រទេសថៃមកចូលប្រព័ន្ធតង់ស្យុងខ្ពស់រួចទៅហើយ ដូច្នេះកម្ពុជា មានលទ្ធភាពគ្រាប់គ្រាន់ និងមិនបានប្រើប្រាស់ថាមពលអគ្គិសនីថៃមួយរយៈពេលធំមកហើយ។
លើសពីនេះ លោករដ្ឋមន្ត្រី បានលើកឡើងថា នាពេលខាងមុខ យើងនឹងដឹករ៉ែចេញមកពីបណ្តាខេត្តនានាទៅកាន់កំពង់ផែសមុទ្រប្រហែលជា ៩៩% នឹងប្រើរថយន្តសាកអាគុយផងដែរ ដូច្នេះនេះគឺជាសមិទ្ធផលរួមដែលសម្តេចតេជោ ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត រួមទាំងរៀមច្បង និងអ្នកជំនាន់ក្រោយកំពុងតែពង្រីកវិសាលភាពបណ្តាញអគ្គិសនីឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោករដ្ឋមន្ត្រី កែវ រតនៈ បន្ថែមថា ក្រៅពីការវិនិយោគជាច្រើនទៅលើប្រព័ន្ធស្តុកទុកថាមពលអគ្គិសនីអាគុយ ដើម្បីពង្រាយថាមពលស្អាត និងថាមពលកកើតឡើងវិញដើរដោយពន្លឺព្រះអាទិត្យនេះ កម្ពុជា ក៏កំពុងតែសាងសង់រោងចក្រអគ្គិសនីនៅខេត្តកោះកុង ដើរដោយឧស្ម័ន LNG ដែលនឹងជួយធានាបាននូវការផ្គត់ផ្គង់ដែលមាននិរន្តរភាព និងស្ថិរភាពទៅដល់ថ្ងៃអនាគតផងដែរ៕
អត្ថបទ៖​ ចេង​ ឆហួត