ព័ត៌មានជាតិ

ព្រឹត្តិការណ៍ ASEAN Bazaar 2025 បាន ទាក់ទាញ អ្នកចូលរួមជាង ៧០០នាក់ រួម មាន មន្ត្រី កម្ពុជា សមាជិក នៃ អង្គទូត និង សាធារណជន

image

ភ្នំពេញ៖ សហគមន៍អាស៊ាននៅទីក្រុងភ្នំពេញ បានប្រារព្ធពិធីអបអរសាទរអត្តសញ្ញាណរួមរបស់អាស៊ីអាគ្នេយ៍ និងភាពចម្រុះដ៏សម្បូរបែប តាមរយៈព្រឹត្តការណ៍ ASEAN Bazaar 2025។ ព្រឹត្តិការណ៍ Bazaar លើកទីពីរនេះ ត្រូវបានធ្វើឡើងដើម្បីបង្ហាញពីវប្បធម៌ ម្ហូប និងប្រពៃណីប្លែកៗរបស់ប្រទេសសមាជិកអាស៊ាននីមួយៗ និងដើម្បីលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក មិត្តភាព និងឯកភាពក្នុងចំណោមប្រទេសអាស៊ាន។
រៀបចំដោយស្ថានទូតមកពីប្រទេសសមាជិកអាស៊ាននៅទីក្រុងភ្នំពេញ និងដឹកនាំដោយប្រធានអាស៊ានឆ្នាំនេះ គឺប្រទេសម៉ាឡេស៊ី, ព្រឹត្តិការណ៍ ASEAN Bazaar 2025 នេះ មានស្តង់លក់ទំនិញ និងស្តង់លក់ម្ហូបអាហារ មកពីប្រទេសសមាជិកអាស៊ាន និងទីម័រខាងកើត។
នៅក្នុងសុន្ទរកថាបើក លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានកោតសរសើរព្រឹត្តិការណ៍នេះថា ជាការប្រារព្ធពិធីដ៏រស់រវើកបង្ហាញពីអត្តសញ្ញាណរួមរបស់អាស៊ាន។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ការប្រារព្ធពិធីនេះ បានចាប់យកអ្វីដែលធ្វើឱ្យអាស៊ានពិសេស។ លោក បានមានប្រសាសន៍ថា “រសជាតិម្ហូបប្រពៃណីមួយ ចង្វាក់នៃចម្រៀងប្រជាប្រិយ និងភាពស្រស់ស្អាតនៃសិប្បកម្មធ្វើដោយដៃ ឆ្លងកាត់ភាសា និងនយោបាយ បន្សល់ទុកនូវអនុស្សាវរីយ៍ដែលមានតាំងពីយូរយារណាស់មកហើយ។ ព្រឹត្តការណ៍នេះ ពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងការយល់ដឹងកាន់តែស៊ីជម្រៅ។ នោះហើយជាមូលដ្ឋានគ្រឹះនៃសហគមន៍អាស៊ាន ដែលរួមគ្នាជាគ្រួសារតែមួយ ចងភ្ជាប់ដោយមិត្តភាព សាមគ្គីភាព និងការរីកចម្រើនរួមគ្នា”។
ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា លោក ហ្សាហារូឌីន អន (Shaharuddin Onn) បានថ្លែងសុន្ទរកថាស្វាគមន៍ ដោយលើកឡើងថា “ ឆ្នាំនេះ យើងនឹងឃើញការពង្រីកអាស៊ានដល់ ១១ប្រទេសជាសមាជិក ជាមួយនឹងការដាក់បញ្ចូលប្រទេសទីម័រឡេស្តេ។ ឆ្នាំ២០២៥ ក៏ជាខួបលើកទី ១០ នៃការបង្កើតសហគមន៍អាស៊ានផងដែរ”។
លោកឯកអគ្គរាជទូតម៉ាឡេស៊ី ក៏បានគូសបញ្ជាក់ពីរបៀបដែលព្រឹត្តិការណ៍ ASEAN Bazaar ឆ្លុះបញ្ចាំងពីឯកភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន។
ព្រឹត្តិការណ៍ ASEAN Bazaar 2025 នេះ បាន ទាក់ទាញ អ្នកចូលរួម ជាង ៧០០នាក់ រួម មាន មន្ត្រី កម្ពុជា សមាជិក នៃ អង្គទូត និង សាធារណជន។ អ្នកចូលរួម បានរីករាយជាមួយការសម្តែងសិល្បៈវប្បធម៌នៅទូទាំងអាស៊ីអាគ្នេយ៍ រួមទាំងរបាំប្រពៃណី និងតន្ត្រីបន្តផ្ទាល់ ដែលឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិត និងភាពកក់ក្តៅនៃតំបន់។ ការប្រកួតខារ៉ាអូខេ និងការចាប់ឆ្នោតផ្សងសំណាង បានបន្ថែមទៅក្នុងបរិយាកាសព្រឹត្តិការណ៍នេះ។
ព្រឹត្តិការណ៍ ASEAN Bazaar មិនត្រឹមតែជាពិធីបុណ្យវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងក្នុងចំណោមប្រជាជាតិអាស៊ានផងដែរ៕