អភិបាលខេត្តបន្ទាយមានជ័យ អះអាងថា ពលរដ្ឋកម្ពុជានៅភូមិព្រៃចាន់ ១៩គ្រួសារ ត្រូវបានយោធាថៃបង្ខំឱ្យចាកចេញពីលំនៅឋាន និងដីចម្ការ
បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ១៩គ្រួសារ ត្រូវយោធាថៃបង្ខំឱ្យចាកចេញពីលំនៅឋាន និងដីចម្ការរបស់ពួកគាត់ដែលបានរស់នៅរាប់សិបឆ្នាំមកហើយ។ បន្ទាប់ពីកម្លាំងយោធាថៃបានចូលឈ្លានពានដោយការរាយបន្លាលួស នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ពោលគឺ នៅក្រោយ១ថ្ងៃនៅភូមិជោគជ័យ(នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥)។
លោក អ៊ុំ រាត្រី បានថ្លែងប្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិដូចនេះក្នុងឱកាសចុះទៅដល់តំបន់ដែលយោធាថៃរាយបន្លាលួសរំលោភយកទឹកដីកម្ពុជានៅភូមិព្រៃចាន់ នៅថ្ងៃទី២០ ខែកញ្ញា។ លោកបានបញ្ជាក់ថា ការហ៊ុំព័ទ្ធបន្លាលួសពីសំណាក់យោធាថៃមកលើភូមិព្រៃចាន់ បានប៉ះពាល់ដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋកម្ពុជាចំនួន ៦គ្រួសារ ស្មើនឹង ៣២នាក់ ខណៈចំនួន១៦គ្រួសារទៀត ប៉ះពាល់ដល់ដីលំនៅឋាន និងដីចម្ការ។ លោកថា កម្លាំងយោធាថៃជាច្រើននាក់ប្រដាប់ដោយអាវុធ បានបង្ខំប្រជាពលរដ្ឋកម្ពុជាឱ្យចាកចេញពីលំនៅឋានភ្លាមៗ ដោយមិនបញ្ជាក់ហេតុផលអ្វីទាំងអស់។
លោកអភិបាលខេត្ត បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជា ដែលត្រូវកម្លាំងយោធាថៃបង្ខំឱ្យចាកចេញពីលំនៅឋានទាំង ៦គ្រួសារ បានបោះតង់ស្នាក់នៅបណ្ដោះអាសន្ននៅក្បែរនោះ ក្រោមការរៀបចំរបស់អាជ្ញាធរមូលដ្ឋាន និងរដ្ឋបាលខេត្ត។ ក្នុងនាមរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវធានាដល់ប្រជាពលរដ្ឋ ដែលត្រូវបានបង្ខំចិត្តចាកចេញពីលំនៅឋានទាំងនេះ ទាំងការស្នាក់នៅបណ្ដោះអាសន្ន ស្បៀងអាហារប្រចាំថ្ងៃ សេវាសុខាភិបាល និងសុវត្ថិភាព"។
លោក អ៊ុំ រាត្រី បានឱ្យដឹងទៀតថា ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិព្រៃចាន់ សរុបចំនួន ២០៨គ្រួសារ ស្មើនឹងជាង ៧០០នាក់។ ប្រជាពលរដ្ឋរស់នៅក្នុងភូមិ រួមនឹងប្រជាពលរដ្ឋរស់នៅភូមិក្បែរនោះផ្សេងៗទៀត បានរួបរួមគ្នាឈរការពារ ដោយបានធ្វើជារនាំងមិនឱ្យយោធាថៃរាយបន្លាលួសចូលបំពានក្នុងទឹកដីភូមិឋានរបស់ខ្លួនបន្តទៀតនោះឡើយ គ្រាដែលយោធាថៃនៅតែចិញ្ចឹមចិត្តឈ្លានពានមកលើទឹកដីកម្ពុជា តាមរយៈការរាយបន្លាលួស។
លោកបានកោតសរសើរទឹកចិត្តក្លាហានហ៊ានតស៊ូរបស់ប្រជាពលរដ្ឋ និងព្រះសង្ឃ ក្នុងការរារាំងយោធាថៃមិនឱ្យរាយបន្លាលួសនៅក្នុងទឹកដីភូមិឋានរបស់ពួកគាត់ជាច្រើនលើក។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងយោធាថៃ ប្រដាប់ដោយខែលការពារខ្លួន និងបានបាញ់គ្រាប់ជ័រ គ្រាប់ឃ្លី ផ្សែងពុល និងឧបករណ៍បញ្ចេញសំំឡេងខ្លាំងៗ មកលើពលរដ្ឋស៊ីវិល និងព្រះសង្ឃ នៅទីតាំងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា រួមទាំងព្រះសង្ឃ កងទ័ពកម្ពុជា ចំនួន៣០អង្គ/នាក់ រងរបួសធ្ងន់ និងស្រាល។
គិតមកដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងយោធាថៃនៅតែបង្កការអុកឡុកម ដោយការដើរឈ្លានពានចូលទឹកដីកម្ពុជា ក្នុងបំណងរាយបន្លាលួស រាប់ទាំងនៅតំបន់បឹងត្រកួន និងភូមិជោគជ័យ នៃស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ផងដែរ៕