ប្រជាជនថៃភាគច្រើនបារម្ភថាគណនីធនាគាររបស់ពួកគេ ត្រូវបានបង្កក ក្រោមប្រតិបត្តិការបង្ក្រាបគណនីក្លែងក្លាយ

ថៃឡង់ដ៍៖ តាមរយៈការស្ទង់មតិរបស់សកលវិទ្យាល័យ Suan Dusit បានបង្ហាញថា ប្រជាជនថៃជាច្រើនភ័យខ្លាចថាគណនីធនាគាររបស់ពួកគេ អាចនឹងត្រូវបានបង្កកនៅក្រោមផ្នែកមួយពាក់ព័ន្ធនឹងសកម្មភាពបង្រ្កាបគណនីក្លែងក្លាយ បើទោះបីជាពួកគេមិនជាប់ពាក់ព័ន្ធនឹងការបោកប្រាស់ក៏ដោយ ។
ការស្ទង់មតិនេះ បានធ្វើឡើងជាមួយនឹងមនុស្ស ១,១៥៤ នាក់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកញ្ញា ហើយបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី២១ ខែកញ្ញា ។
ការស្ទង់មតិនេះ បានធ្វើឡើងបន្ទាប់ពីប្រជាជនមួយចំនួនត្អូញត្អែរថា គណនីសន្សំរបស់ពួកគេបានជាប់គាំង បើទោះបីជាពួកគេមិនមានជាប់ពាក់ព័ន្ធក្នុងការបោកប្រាស់តាមអ៊ីនធឺណិតក៏ដោយ។ អ្នកត្អូញត្អែរភាគច្រើន គឺជាអ្នកលក់ដូរតូចតាច ដែលបានទទួលការទូទាត់ប្រាក់តាមរយៈ QR កូដ ឬការផ្ទេរប្រាក់តាមធនាគារពីអតិថិជន ។
ជុំវិញរឿងនេះ អាជ្ញាធរបានធ្វើការពន្យល់ថា មានតែប្រតិបត្តិការគួរឱ្យសង្ស័យប៉ុណ្ណោះដែលត្រូវបានផ្អាកសម្រាប់ការត្រួតពិនិត្យ ប៉ុន្តែម្ចាស់គណនីរងគ្រោះមួយចំនួន និយាយថា គណនីរបស់ពួកគេទាំងមូលត្រូវបានបង្កកទាំងស្រុងដោយមិនអាចធ្វើប្រតិបត្តិការអ្វីបានទាំងអស់ ។
លទ្ធផលសំខាន់ៗចេញពីការស្ទង់មតិ៖
៣៨% ព្រួយបារម្ភយ៉ាងខ្លាំង ថាគណនីធនាគារត្រូវបានបង្កក ៣៧% ព្រួយបារម្ភខ្លះៗ និង ២៥% មិនព្រួយបារម្ភ ។
មនុស្សជាច្រើនបានផ្លាស់ប្តូររបៀបគ្រប់គ្រងប្រាក់៖
៥៨% ពិនិត្យប្រតិបត្តិការញឹកញាប់ជាងមុន ៤២% ប្រើវិធីបង់ប្រាក់ដែលមានសុវត្ថិភាពជាង ៣៨% ជៀសវាងការផ្ទេរទៅឱ្យមនុស្សចម្លែក ៣៣% ពឹងផ្អែកលើសាច់ប្រាក់សុទ្ធកាន់តែច្រើន និង ២២% ទុកប្រាក់នៅតាមគណនីផ្សេងៗគ្នា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ The Nation Thailand | រូបភាព-Photo៖ Freepik/ shutterstock


