ព័ត៌មានជាតិ

ប្រពន្ធជនល្មើសដែលបាញ់រះនៅស្រុកបន្ទាយមាស ខេត្តកំពត សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ

image


កំពត៖​ ក្រោយកើមានជម្លោះពាក្យសម្តី រហូតឈានដល់មានការបាញ់រះសម្លាប់មនុស្សប្រុសស្រី ៣នាក់ របួសធ្ងន់ ១នាក់ នៅស្រុកបន្ទាយមាស ខេត្តកំពត កាលយប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីដែលជាប្រពន្ធជនដៃដល់មកសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្តកំពត។
ក្រោយឃាត់ខ្លួនសួរនាំរួចមក ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នៅលើផេកហ្វេសបុកផ្លូវការរបស់ ស្នងដ្ឋានការនគរបាលខេត្តកំពត ដែលមានខ្លឹមសារថា "ករណីជម្លោះនៅឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ឈានទៅដល់ការបាញ់ប្រហារបណ្តាលអោយស្លាប់មនុស្ស ស្ត្រីដែលជាភរិយាជនល្មើស​ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ បច្ចុប្បន្នស្ត្រីដែលជាភរិយាបានបញ្ជូនមកដល់ស្នងការរដ្ឋាននគរបាលខេត្តកំពត។
កាលពីយប់ម៉ោងប្រម៉ាន ៩:៣៩នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥​ មានករណីបាញ់រះបណ្តាលឱ្យស្លាប់មនុស្ស ៣នាក់ របួសធ្ងន់១នាក់ ដែលហេតុការណ៍នេះកើតឡើងភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។ ករណីដែលឈានដល់មានការបាញ់រះនេះកើតឡើងបណ្តាលមកពីសត្វឆ្កែ។
ក្រុមគ្រួសារជនរងគ្រោះបានរៀបរាប់ទាំងអួលដើមកថា មុនកើតហេតុក្រុមគ្រួសារជនរងគ្រោះបានជួជុំគ្នារៀបចំកម្មវិធីហូបចុក មានទាំងការអាំងសាច់ជាដើម។ មុនករណីនេះកើតឡើងគ្រួសារជនរងគ្រោះបានជួបជុំគ្នាហូបអាហារជុំគ្រួសារ តែពេលកំពុងអាំងត្រី ស្រាប់តែមានឆ្កែខ្មៅមួយក្បាលបានមកពាំសាច់ (ត្រីបបែលអាំង) រត់ចេញទៅក្រៅ តែពេលនោះជនរងគ្រោះម្នាក់បានយកស្បែកជើងដេញគប់ឆ្កែនោះ តែក៏បានផ្លាតទៅត្រូវប្រពន្ធជនដៃដល់។ បន្ទាប់ពីគប់ត្រូវប្រពន្ធជនដៃដល់ក៏បានបង្កជាជម្លោះ មិនយូរប៉ុន្មានប្រពន្ធជនដៃដល់បានទូរសព្ទទៅកាន់ប្តីរបស់ខ្លួន។ មួយសន្ទុះក្រោយមកក៏ឃើញជនដៃដល់បានជិះម៉ូតូមកដល់មុខផ្ទះជនរងគ្រោះ ហើយធ្វើការបាំញ់រះដោយមិនសំចៃដៃដោយកាំភ្លើងមិនស្គាល់ម៉ាក ប្រមាណជាង ២០គ្រាប់ បណ្តាលឱ្យមនុស្សប្រុសស្រី ៣នាក់ស្លាប់ និងរងរបួសធ្ងន់ម្នាក់។
មកដល់ពេលនេះជនល្មើសនៅបន្តគេចខ្លួននៅឡើយទេ ហើយសមត្ថកិច្ចកំពុងដុតដៃដុតជើងតាមស្វែងរកចាប់ខ្លួន។ តាមរយៈផេកហ្វេសបុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតដដែលបានបញ្ជាក់ថា ករណីនៅឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស សមត្ថកិច្ចកំពុងខិតខំធ្វើការ ហើយជនល្មើសកំពុងបន្តគេចខ្លួននៅឡើយ កុំយកវីដេអូរដែលជាករណីចាស់មកបង្ហោះដោយគ្មានមូលដ្ឋានច្បាស់លាស់ នាំឱ្យមានការយល់ច្រឡំ៕
អត្ថបទ៖ វង្ស សុធារម្យ