Update៖ ពលរដ្ឋហ្វីលីពីនខ្ទង់ ៥ម៉ឺននាក់ចូលរួមតវ៉ាប្រឆាំងរឿងអាស្រូវពុករលួយ ខណៈមនុស្ស៧២នាក់ត្រូវចាប់ខ្លួន

ហ្វីលីពីន៖ ពលរដ្ឋហ្វីលីពីនរាប់ម៉ឺននាក់ បានចូលរួមធ្វើបាតុកម្មនៅរដ្ឋធានីម៉ានីល ប្រឆាំងនឹងរឿងអាស្រូវពុករលួយពាក់ព័ន្ធនឹងគម្រោងក្លែងក្លាយក្នុងការគ្រប់គ្រងស្ថានភាពទឹកជំនន់ ដែលធ្វើឱ្យអ្នកបង់ពន្ធខាតបង់ថវិការាប់ពាន់លានដុល្លារ ។
ការជួបជុំគ្នាធ្វើបាតុកម្មនេះ បានចាប់ផ្តើមដោយសន្តិភាពកាលពីថ្ងៃអាទិត្យ ជាមួយនឹងមនុស្សប្រមាណ ៥០.០០០ នាក់បានប្រមូលផ្តុំគ្នានៅក្នុងឧទ្យានជាតិមួយកន្លែង ដែលមានការគាំទ្រពីក្រុមគ្រួសារ អ្នកនយោបាយ និងព្រះវិហារកាតូលិក ។
ក្រោយមក បាតុកម្មបានប្រែក្លាយជាហិង្សា នៅពេលដែលក្រុមបាតុករពាក់ម៉ាស់មួយចំនួន បានប៉ះទង្គិចគ្នាជាមួយមន្ត្រីនគរបាលកុបកម្មដែលបង្ក្រាបដោយហិង្សា ជាមួយនឹងការប្រើប្រាស់កាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក បន្ទាប់ពីក្រុមបាតុករបានគប់ដុំថ្ម ដុតកង់ឡានសណ្ដោង និងបំផ្លាញប៉ុស្តិ៍យាម ខណៈដែលសមត្ថកិច្ចបានចាប់ខ្លួនមនុស្ស ៧២ នាក់ ក្នុងនោះមានអនីតិជនផងដែរ ។
ក្នុងហេតុការណ៍នេះ យ៉ាងហោចណាស់ មន្ត្រីនគរបាល ៣៩ នាក់ទទួលរងរបួស។ ក្នុងនោះដែរ មន្ត្រីនគរបាល បានបដិសេធការអះអាងដែលថាសមត្ថកិច្ចបានគប់ដុំថ្មដាក់អ្នកតវ៉ាវិញ ទោះបីជាសាក្សីបានរាយការណ៍ថាបានឃើញយ៉ាងណាក៏ដោយ ។
រឿងអាស្រូវពុករលួយបានអង្រួននយោបាយរបស់ប្រទេសហ្វីលីពីន ហើយលោក Martin Romualdez ប្រធានសភាតំណាងរាស្រ្តបានលាលែងពីតំណែង ខណៈដែលការស៊ើបអង្កេតនៅតែបន្ត ។
ក្រសួងហិរញ្ញវត្ថុបានថ្លែងថា ការខាតបង់សរុបបានឈានដល់ប្រមាណជា ៣ ពាន់លានដុល្លារ ខណៈអង្គការ Greenpeace វិញបានប៉ាន់ស្មានថាការខាតបង់នេះ អាចនឹងមានចំនួនរហូតដល់ ២៧ ពាន់លានដុល្លារ។ មេដឹកនាំបាតុកម្មបានទាមទារលុយរបស់ពលរដ្ឋអ្នកបង់ពន្ធមកវិញ ដោយលើកឡើងថា អំពើពុករលួយបានធ្វើឱ្យការគ្រប់គ្រងទឹកជំនន់កាន់តែយ៉ាប់យ៉ឺន ខណៈដែលមន្ត្រីទាំងនោះរស់នៅយ៉ាងហ៊ឺហា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ ABC News/ AP/ VIORY | រូបភាព-Photo៖ Lisa Marie David via Reuter & Basilio Sepe via AP