ព័ត៌មានជាតិ

ខេត្តបាត់ដំបង ទទួលភ្ញៀវទេសចរបានជាង​ ៣ម៉ឺន៦ពាន់នាក់ នាថ្ងៃទី១នៃពិធីបុណ្យភ្ជុំបិណ្ឌ​ ថយចុះជិត២០%​ ធៀបនឹងឆ្នាំទៅ

image


បាត់ដំបង៖ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក ហម អរុណ បានឱ្យដឹងថា នៅថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌថ្ងៃទី១ ឆ្នាំ២០២៥​ ខេត្តបាត់ដំបង ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនជាង​ ៣ម៉ឺន ៦ពាន់នាក់ ធៀបនឹងឆ្នាំ២០២៥​ ក្នុងរយៈពេលដូចគ្នានេះ មានការថយចុះរហូតដល់ជិត២០%។
លោក ហម អរុណ បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥​ ថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានទស្សនាកម្សាន្តនាឱកាសបុណ្យភ្ជុំបិណ្ឌថ្ងៃទី១ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងខេត្តបាត់ដំបង សរុបទាំងអស់ចំនួន ៣៦,១៨៧នាក់ ថយចុះ ១៩.៧១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ មានចំនួន​ ៤៥,០៧៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ចំនួន៣៥,៩៩៣ នាក់ ថយចុះ ១៩.៦៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ មានចំនួន៤៤,៨១២ នាក់ និងភ្ញៀវទេសចរអន្តរជាតិ ចំនួន១៩៤នាក់ ថយចុះ ២៥.៦៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ មានចំនួន​ ២៦១នាក់។
ពាក់ព័ន្ធនឹងការថយចុះចំនួនភ្ញៀវទេសចរសម្រាប់ឆ្នាំនេះ ត្រូវបាន​ លោក ហម អរុណ បានបញ្ជាក់យ៉ាងថា ការថយចុះភ្ញៀវទេសចរនាថ្ងៃទី១នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ដោយសារស្ថានភាពអាកាសធាតុមិនអំណោយផល មានភ្លៀងធ្លាក់ច្រើននៅតាមគោលដៅទេសចរណ៍សំខាន់ៗ ហើយថ្ងៃនេះមានសមរាត្រីនៅខេត្តសៀមរាប ធ្វើឱ្យអ្នកទេសចរបានទៅមើលច្រើន អាចថាស្អែកភ្ញៀវទេសចរនឹងមកបាត់ដំបងវិញច្រើន ។
លោកបានបញ្ជាក់ថា ជារួមថ្ងៃទី១នេះ ភាគច្រើនពុទ្ធបរិស័ទ ទៅវត្តក៏ច្រើន មិនសូវមានអ្នកដើរលេងកម្សាន្តនៅតាមតំបន់រមណីយដ្ឋានច្រើននៅឡើយទេ។ ពាក់ព័ន្ធនឹងគោលដៅដែលប្រជាពលរដ្ឋ និងភ្ញៀវទេសចរទៅលេងច្រើន មានដូចជា រមណីយដ្ឋានភ្នំសំពៅ រមណីយដ្ឋានប្រាសាទបាណន់ តំបន់ជិះឡូរីជើងភ្នំបាណន់ ស្ថិតក្នុងស្រុកបាណន់ ដោយឡែកសម្រាប់ស្រុកសំឡូត មានរមណីយដ្ឋានទឹកធ្លាក់ចម្ការស្វាយ រមណីយដ្ឋានកំពង់ទូកមានជ័យ និងរមណីយដ្ឋានស្ទឹងក្រញូងជាដើម។ ចំពោះនៅក្នុងក្រុងបាត់ដំបង មាននៅសួនកម្សាន្តសុភមង្គល ក៏មានអ្នកទៅលេងច្រើនផងដែរ៕
ដោយ៖ គួយ គឹមស៊ន