ពលរដ្ឋច្រើនកុះករសម្រុកទៅបិណ្ឌ១៥ នៅវត្តជោគជ័យ ក្បែរកន្លែងទាហានថៃឈ្លានពានទឹកដីកម្ពុជា

បន្ទាយមានជ័យ៖ ក្នុងឱកាសបិណ្ឌទី១៥ ដែលជាថ្ងៃភ្ជុំធំ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចូលទៅកាន់វត្តពុទ្ធិសីមារាម (វត្តជោគជ័យ) ដែលស្ថិតភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទោះជាពួកគាត់ជាប់រវល់ការពារព្រំដែនជាមួយកម្លាំងសមត្ថកិច្ចមិនឱ្យយោធាថៃចូលឈ្លានពានទឹកដីក៏ដោយ។
វត្តជោគជ័យ ស្ថិតនៅជិតនឹងព្រំដែន ចម្ងាយម្រមាណ ៥០០ម៉ែត្រ ពីទីតាំងយោធាថៃរាយលួសបន្លាចូលឈ្លានពានព័ទ្ធយកដីភូមិឋាន និងដីស្រែចម្ការរបស់ប្រជាពលរដ្ឋ។
យោងតាមការឱ្យដឹងពីព្រះចៅអធិការវត្ត ជោគជ័យ បានឱ្យដឹងថា មិនដែលមានពុទ្ធបរិស័ទមកច្រើនកុះករដូច្នេះទេ តែដោយសារស្ថានភាពបច្ចុប្បន្ន ទើបញាំឱ្យប្រជាពលរដ្ឋមកវត្តយ៉ាងច្រើនកុះករបែបនេះ។ ព្រះតេជគុណព្រះចៅអធិការវត្ត បានអំពាវនាវដល់ពុទ្ធបរិស័ទបន្តចូលរួមមកកាន់វត្តឱ្យបានច្រើនដូចថ្ងៃនេះ និងចូលរួមការពារទឹកដី ស្ថិតនៅក្នុងភូមិជោគជ័យឱ្យបានច្រើនកុះករ ដើម្បីជាកម្លាំងដេញយោធាថៃមិនឱ្យឈ្លានពានទឹកដីកម្ពុជា។
ជាមួយគ្នានេះ យុវតី ឡោះ សុលី រស់នៅភូមិជោគជ័យ ក្រោយពីបានទៅធ្វើបុណ្យនៅវត្តហើយ ក៏បានចូលទៅមើលទីតាំង ដែលយោធាថៃបំណងឈ្លានពាន។ យុវតី វ័យ១៧ឆ្នាំរូបនេះ បានបង្ហាញពីបំណងចង់បានសន្តិភាព និងបួងសួងកុំឱ្យមានការឈ្លានពានពីសំណាក់យោធាថៃបន្តទៅទៀត៕










































