សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមបុណ្យភ្ជុំ នៅវត្តវាំងចាស់ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វីរកងទ័ព និងវីរនគរបាលជាតិ ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា

———-
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងសមាជិក សមាជិការាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមបុណ្យភ្ជុំបិណ្ឌ នៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ស្ថិតនៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត បាននាំយក នូវគ្រឿងសក្ការៈបូជា មានទៀនធូប ផ្កាភ្ញី សម្រាប់បូជាចំពោះព្រះ ពុទ្ធអង្គ និងព្រះរតនត្រ័យ និងនាំយក នូវទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ និងបច្ច័យ ប្រគេនព្រះសង្ឃ ព្រមទាំងរាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសមគ្គផល ជូនចំពោះ បុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិកាទាំង៧សន្តាន ដែលបានធ្វើមរណកាលទៅ ជាពិសេសឧទ្ទិសកុសលផលបុណ្យជូនដល់វីរកងទ័ព និងវីរនគរបាលជាតិ ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា។
គួរបញ្ជាក់ដែរថា ដោយសារវត្តវាំងចាស់ ជាទីតាំងអារាមចំណាស់មានជាប់ពាក់ព័ន្ធទៅនឹងប្រវត្តិសាស្ត្រខ្មែរ ជាអតីតព្រះបរមរាជវាំងរបស់ព្រះមហាក្សត្រខ្មែរនោះ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ បានដឹកនាំកសាងវត្តនេះឡើងវិញ ចាប់ពីឆ្នាំ១៩៩៦មក ម៉្យាងដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនា និងម៉្យាងទៀតដើម្បីរក្សាបាន នូវ ទីតាំងប្រវត្តិសាស្ត្រ និង វប្បធម៌សម្រាប់ការសិក្សាស្រាវជ្រាវរបស់មនុស្សជំនាន់ក្រោយ៕
អត្ថបទ៖ ហ៊ន សុភ័ក្រ

















































