ព័ត៌មានអន្តរជាតិ

Update: មនុស្សជាង ២០០នាក់ត្រូវចាប់ខ្លួន ក្រោយបាតុកម្មប្រឆាំងអំពើពុករលួយនៅហ្វីលីពីន

image


ហ្វីលីពីន៖ មនុស្សជាង ២០០ នាក់ រួមមានទាំងអនីតិជនដែរនោះ ត្រូវសមត្ថកិច្ចចាប់ខ្លួននៅក្នុងរដ្ឋធានីម៉ានីល បន្ទាប់ពីការតវ៉ាដោយសន្តិភាពដើម្បីប្រឆាំងនឹងអំពើពុករលួយ បានប្រែក្លាយទៅជាបាតុកម្មដោយហិង្សាកាលពីថ្ងៃអាទិត្យ ។
អំឡុងព្រឹត្តិការណ៍នោះ ក្រុមអ្នកតវ៉ា និយាយថា ខណៈដែលប្រជាជនធម្មតាទទួលរងនូវទុក្ខវេទនា ប៉ុន្តែមន្ត្រីពុករលួយបែរជាកំពុងអង្គុយក្នុងរថយន្តទំនើបៗ ធ្វើដំណើរកម្សាន្តជាហូរហែទៅក្រៅប្រទេស និងមានជីវិតរស់នៅយ៉ាងសុខស្រួល ។
ការតវ៉ានេះ បានទាក់ទាញប្រជាជនហ្វីលីពីនរាប់ម៉ឺននាក់ដែលខឹងសម្បារចំពោះគម្រោងក្លែងក្លាយក្នុងការគ្រប់គ្រងគ្រោះទឹកជំនន់ នៅចន្លោះឆ្នាំ ២០២៣ - ២០២៥ ដោយធ្វើឱ្យពលរដ្ឋដែលជាអ្នកបង់ពន្ធត្រូវខាតបង់ទឹកប្រាក់ប្រហែល ១១៨.៥ ពាន់លានប៉េសូ (ខ្ទង់ ២ពាន់លានដុល្លារអាម៉េរិក) ។
ដោយឡែក អាជ្ញាធរនិយាយថា បាតុករពាក់ម៉ាស់ឃ្លុំមុខមួយចំនួនបានវាយប្រហារលើមន្ត្រីនគរបាល ដោយគប់ដុំថ្ម ដុតកង់ឡាន និងបំផ្លាញទីតាំងអាជីវកម្ម ហើយមន្ត្រីក៏បានធ្វើការបំបែកក្រុមអ្នកតវ៉ាតាមរយៈការប្រើប្រាស់កាណុងបាញ់ទឹក និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក។ ភាពចលាចលនោះ បានបណ្ដាលឱ្យមន្ត្រីយ៉ាងហោចណាស់ ១៣១ នាក់ទទួលរងរបួស និងខ្លះក៏រងរបួសធ្ងន់ធ្ងរថែមទៀតផង ។
អាជ្ញាធរកំពុងតែតាមដានថា តើជនសង្ស័យគឺជាអ្នកចូលរួមតវ៉ាពិតប្រាកដ ឬគ្រាន់តែមនុស្សបង្កបញ្ហា។ ស្ថានភាពចលាចលនេះ នាំឱ្យអាជ្ញាធរបិទសាលារៀន និងដាក់បម្រាមគោចរសម្រាប់អនីតិជន ខណៈសមត្ថកិច្ចបានបង្កើនកម្លាំងកាន់តែច្រើននៅក្នុងទីក្រុង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Al Jazeera/ VIORY | រូបភាព-Photo៖ Lisa Marie David via Reuters/ Ted Aljibe, Jam STA ROSA via AFP