ពលរដ្ឋ និងព្រះសង្ឃ បន្តឃ្លាំមើលពីស្ថានភាពរាយបន្លាលួសរបស់យោធាថៃរំលោភយកដីកម្ពុជានៅភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងឱកាសភ្ជុំបិណ្ឌ

បន្ទាយមានជ័យ៖ ទោះក្នុងថ្ងៃភ្ជុំបិណ្ឌ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ប្រជាពលរដ្ឋ និងព្រះសង្ឃ ដែលនៅជិតព្រំដែនស្ថិតនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិជោគជ័យខេត្តបន្ទាយមានជ័យ មិនបានធ្វើដំណើរទៅណាឆ្ងាយនោះទេពោលគឺពួកគាត់នៅបន្តចាំមើលសកម្មភាពទាហានថៃខ្លាចយកលួសបន្លាមកព័ទ្ធឈ្លានពានទឹកដីកម្ពុជា។ ទន្ទឹមនេះប្រជាពលរដ្ឋដែលមកពីគ្រប់ទិសទី ក៏បានបានបន្តមកជាហូរហែមកលើកទឹកចិត្តពលរដ្ឋ និងកងកម្លាំងកម្ពុជាដែលនៅទីនោះផងដែរ។
ប្រជាពលរដ្ឋកម្ពុជានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចំនួន១៩គ្រួសារ ត្រូវយោធាថៃបង្ខំឱ្យចាកចេញពីលំនៅឋាន និងដីចម្ការ បន្ទាប់ពីកម្លាំងយោធាថៃ បានចូលឈ្លានពានដោយការរាយបន្លាលួស នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅក្រោយ១ថ្ងៃនៅភូមិជោគជ័យ(នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥)។
កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងយោធាថៃ ប្រដាប់ដោយខែលការពារខ្លួន និងបានបាញ់គ្រាប់ជ័រ គ្រាប់ឃ្លី ផ្សែងពុល និងឧបករណ៍បញ្ចេញសំឡេងខ្លាំងៗ បានព្យាយាមរាយលួសបន្លាម្ដងទៀត នៅភូមិព្រៃចាន់ ប៉ុន្តែត្រូវបានរារាំងដោយប្រជាពលរដ្ឋកម្ពុជានៅតំបន់នោះ ដោយមានការតតាំងគ្នារហូតយោធាថៃបង្ក្រាបមកលើប្រជាពលរដ្ឋកម្ពុជាដែលគ្មានអាវុធ ដោយការបាញ់គ្រាប់ជ័រ គ្រាប់ឃ្លី ផ្សែងពុល និងឧបករណ៍បញ្ចេញសំឡេងខ្លាំងៗ បណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា រួមទាំងព្រះសង្ឃ និងកងទ័ពកម្ពុជា ចំនួន៣០អង្គ/នាក់ រងរបួសធ្ងន់ស្រាល៕








