រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខេត្តបាត់ដំបង បានស្រូបទាញពលរដ្ឋ និងភ្ញៀវទេសចរជិត២២ម៉ឺននាក់

បាត់ដំបង ៖ នាឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ បើទោះបីជាមានជួបនឹងស្ថានភាពមិនអំណោយផលមានទាំងភ្លៀងផង រលឹមផង និងរាំងផងយ៉ាងណាក៏ដោយ ក៏ខេត្តបាត់ដំបង បានធ្វើការស្រូបទាញនូវកំណើនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ចំនួនជិត២២ម៉ឺននាក់ បានមកលេងកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍ និងធ្វើបុណ្យទាននៅតាមទីវត្តអារាមនានាក្នុងខេត្តបាត់ដំបង ខណៈឆ្នាំចាស់មានតែជាង២១ម៉ឺននាក់ប៉ុណ្ណោះ ។
អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក ហម អរុណ បានផ្តល់ព័ត៌មានមកក្រុមការងារប្រចាំខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ដោយបានបញ្ជាក់យ៉ាងដូច្នេះថា ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋមកពីគ្រប់ទិសទីទាំងក្នុងខេត្តបាត់ដំបង និងក្រៅខេត្ត មកទស្សនាកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ និងទីវត្តអារាមនានា នាឱកាសបុណ្យភ្ជុំបិណ្ឌ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់២៣ ខែកញ្ញា ឆ្នាំ២០២៥ សរុបទាំងអស់មានចំនួន ២១៨.៧០៦ នាក់ មានការកើនឡើងជាង១,១៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ មានចំនួន ២១៦.១៤១ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ២១៨.១៤១ នាក់ កើនឡើង ១,២០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ មានចំនួន៨៥.៧៥៨នាក់ ភ្ញៀវទេសចរអន្តរជាតិចំនួន៥៦៥នាក់ ថយចុះ ៨,៨៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ មានចំនួន៦២០នាក់ ។
លោក ហម អរុណ បានឱ្យដឹងដែរថា សម្រាប់ថ្ងៃទី៣នៃពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ខេត្តបាត់ដំបង ទទួលបានប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ សរុបចំនួន ៩១.៣៣៤នាក់ កើនឡើង ៧,២៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ មានចំនួន ៨៥.១៤៧នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ៩១.១៧៣ នាក់ កើនឡើង៧,២៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ មានចំនួន ៨៥.៩៨៩នាក់ ភ្ញៀវទេសចរអន្តរជាតិចំនួន១៦១នាក់ កើនឡើង ១,៩០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ មានចំនួន១៥៨ នាក់ ។
លោកអនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់បន្ថែមទៀតថា សម្រាប់រមណីយដ្ឋានអាងកំពីងពួយ ដែលមានទីតាំងស្ថិតនៅក្នុងឃុំតាគ្រាម ស្រុកបាណន់ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានការកើនឡើងនៃភ្ញៀវទេសចរបានច្រើនគួរសមផងដែរ ដោយសារតែមានការបើកទឹកសមល្មមឱ្យទេសចរបានងូតទឹកលេងកម្សាន្ត រួមផ្សំជាមួយនឹងផ្លូវនៅលើខ្នងអាងកំពីងពួយទើបតែធ្វើហើយថ្មីៗនេះផង ធ្វើឱ្យប្រជាពលរដ្ឋ និងទេសចរ ខាងភ្នំ១៥០ និងអ្នកស្រុកបវេល និងខ្លះចេញមកពីរស្មីសង្ហារនៃស្រុករតនមណ្ឌល បានមកលេងកម្សាន្តច្រើនជាងឆ្នាំមុនៗ ៕
ដោយ ៖ គួយ គឹមស៊ន












