សម្តេចបវរធិបតី អរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ និងកម្លាំងស្ម័គ្រចិត្តគ្រប់ស្ថាប័ន-អង្គភាពពាក់ព័ន្ធ ដែលបានចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រកបដោយភាពអធិកអធម

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអរគុណចំពោះ មន្រ្តីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ និងកម្លាំងស្ម័គ្រចិត្តគ្រប់ស្ថាប័ន-អង្គភាពពាក់ព័ន្ធ ព្រមទាំងលោកតាលោកយាយ អ៊ំពូមីង បងប្អូនទូទាំងប្រទេស ដែលបានចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឱ្យប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម សប្បាយរីករាយ សុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ ព្រមទាំងជាការលើកតម្កើង និងថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ជាតិខ្មែរយើងឱ្យបានឋិតថេរគង់វង្សតរៀងទៅចាប់ពី ថ្ងៃទី ៨ កញ្ញា ដល់២៣ កញ្ញា ២០២៥។ នេះជាការលើកឡើងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយៈបណ្តាញសង្គមផ្លូវការនៅព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ។
សូមជម្រាបថា មុនពិធីបុណ្យភ្ជ៉ំបិណ្ឌ ដូចដែលបានរៀបចំជាច្រើនឆ្នាំកន្លងមក សម្តេចបវរធិបតី បានណែនាំឲ្យសាលារាជធានីភ្នំពេញរៀបចំរថយន្តក្រុងជិត៦រយគ្រឿង ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ សម្តេចក៏បានណែនាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទជួយសម្រួល និងថែរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ៕
អត្ថបទ៖ ហ៊ន សុភ័ក្រ