ខូចខាតរថយន្ត១៦គ្រឿងក្នុងផ្លូវរូងក្រោមដីខេត្តភូកេត បង្កដោយរថយន្តដឹកទំនិញដាច់ហ្វ្រាំង

ថៃឡង់ដ៍៖ កាលពីថ្ងៃអង្គារ ទី២៣ ខែកញ្ញា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយករណីបានកើតឡើងនៅក្នុងផ្លូវរូងក្រោមដីសាលាតារាសមុទ្រ (Darasamut) ក្នុងស្រុកមឿង (Muang) ខេត្តភូកេត (Phuket) ប្រទេសថៃ ដោយឧបទ្ទវហេតុនេះ បានកើតឡើងនៅពេលរថយន្តដឹកទំនិញមកពីក្រុងរ៉ាណង (Ranong) ស្រាប់តែដាច់ហ្វ្រាំង ដោយមិនអាចគ្រប់គ្រងលំនឹងរហូតបង្កឱ្យកើតមានហេតុការណ៍នេះតែម្ដង ។
រថយន្តដឹកទំនិញដែលដាច់ហ្វ្រាំងនោះ ក៏បានជ្រុលទៅបុករថយន្តផ្សេងទៀតដែលនៅខាងមុខ និងបុករបាំងថ្មទ្រូងផ្លូវ ដោយបណ្ដាលឱ្យខូចខាតរថយន្តសរុបចំនួន ១៦គ្រឿង ។
ហេតុការណ៍នេះ បណ្ដាលឱ្យមនុស្ស២នាក់រងរបួស ហើយគ្រោះថ្នាក់នេះ នាំឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅតំបន់នោះ។ អ្នកបើកបររថយន្តដឹកទំនិញ បានប្រាប់ទៅកាន់សមត្ថកិច្ចថា នៅពេលមកដល់ចំណុចកើតហេតុ ហ្វ្រាំងឡានរបស់គាត់ស្រាប់តែលែងដំណើរការ ។
ឧបទ្ទវហេតុនេះ បានធ្វើឱ្យមានក្ដីព្រួយបារម្ភជាសាធារណៈអំពីភ្លើងបំភ្លឺមិនល្អនៅក្នុងផ្លូវរូងក្រោមដី ដែលប្រជាពលរដ្ឋក្នុងតំបន់នេះ បានត្អូញត្អែរតាំងពីមុនមក ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព-Photo៖ Khaosod English




