មន្ត្រីជាន់ខ្ពស់បរិស្ថាន អះអាងថា ក្នុងរដូវបុណ្យភ្ជុំប្រជាពលរដ្ឋចូលរួមកាត់បន្ថយសំរាម និងការប្រើប្រាស់ថង់ស្ទិក

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា ការរៀបចំការទុកដាក់សំរាមបានត្រឹមត្រូវល្អ ជាការចូលរួមសំអាតអនាម័យបរិស្ថាន ការមិនបោះថង់ប្លាស្ទិកថង់ប្លាស្ទិកចោលផ្តេសផ្តាស់ ដូចបណ្តាឆ្នាំមុនៗ នៅតាមវត្តអារាម ដែលជាទីកន្លែងជួបជុំនៃប្រជាពលរដ្ឋ មកធ្វើបុណ្យទៀនតាមប្រពៃណីជាតិខ្មែរ ក៏ដូចជានៅតាមមូលដ្ឋាន និងតាមផ្លូវសាធារណៈនានា។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា កាបញ្ចេញសំរាមតាមទីប្រជុំជន ក៏ត្រូវបានគាត់សំគាល់ថា បរិស្ថានសំរាម និងសំណល់ប្លាស្ទិក ត្រូវបញ្ជូនទៅទុកដាក់តាមទីលាន មានការថយចុះ ពី៣៣%-៤៥% ក្នុងរយៈពេលបុណ្យភ្ជុំបិណ្ឌ (ភ្ជុំធំ) ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ធៀបនឹងថ្ងៃមុនបុណ្យភ្ជុំបិណ្ឌ។ ជាក់ស្តែងការទុកដាក់សំរាម បរិមាណសំរាម សំណល់រឹងទីប្រជុំជននៅរាជធានីភ្នំពេញ បានធ្វើការសម្អាត ប្រមូល ដឹកជញ្ជូន និងយកទៅទុកដាក់នៅទីលានទុកដាក់សំរាម សំណល់រឹងដង្កោ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ធៀបនឹងបរិមាណសំរាម សំណល់រឹងទីប្រជុំជនប្រចាំថ្ងៃ គឺនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ មានបរិមាណសំរាម ចំនួន ៤២៦៩,៥០តោន/ថ្ងៃ។ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ សំរាម បានថយចុះមកត្រឹមចំនួន ២៨០០,៨៨តោន/ថ្ងៃ (ថយចុះ៣៣%) និងនៅថ្ងៃទី២២ ខែកញ្ញ ឆ្នាំ២០២៥ មកត្រឹម២៣៧៧,២៧តោន/ថ្ងៃ (ថយចុះ៤៥%)។
ធៀបនឹងរយៈពេលដូចគ្នា ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤ គឺនៅឆ្នាំ២០២៥ បរិមាណសំរាម សំណល់រឹងទីប្រជុំជននៅរាជធានីភ្នំពេញ ធ្វើការសម្អាត ប្រមូល ដឹកជញ្ជូន និងទុកដាក់នៅទីលាន មានការកើនឡើង ពី២១-២៦%ក្នុង១ ថ្ងៃ គឺនៅឆ្នាំ២០២៤ នៅថ្ងៃភ្ជុំបិណ្ឌទី១ បរិមាណសំរាមមាន ២២៣០,៧៧តោន នៅថ្ងៃទី២ នៃបុណ្យភ្ជុំបិណ្ឌមានបរិមាណ ១៩៦៤,២៩តោន។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជួយកាត់បន្ថយការប្រើប្រាស់សំរាម កាបញ្ចេញសំរាម និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលជាកាតព្វកិច្ចរបស់យើងគ្រប់គ្នា ព្រោះការចោលសំរាម និងសំណល់ប្លាស្ទិកពាសវាលពាសកាល ធ្វើឲ្យប៉ះពាល់ដល់សុខភាពសាធារណៈ សោភ័ណភាពទីក្រុង និងមូលដ្ឋានរបស់យើងទាំងអស់គ្នា ជាពិសេសសំរាម និងសំណល់ប្លាស្ទិក ប្រសិនជាមិនបានកាត់បន្ថយការប្រើប្រាស់ និងបញ្ចេញចោលទេ វាបំពុលបរិស្ថាន និងការរស់នៅរបស់មនុស្សជាតិ។
លោក ខ្វៃ អាទិត្យា បានបន្ថែមថា ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋ ការទុកដាក់សំរាមរបស់ប្រជាពលរដ្ឋ មានលក្ខណៈល្អប្រសើរ ជាពិសេសការបញ្ចេញសំរាមនៅតាមទីក្រុង មានការថយចុះ រួមទាំងមានការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកផងដែរ បន្ទាប់ពីមានការជំរុញសកម្មភាព នៃយុទ្ធនាការនានារបស់ក្រសួងបរិស្ថាននាពេលកន្លងមក ជាពិសេសក្នុងរយៈពេល ២ឆ្នាំ ក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមផ្លាស់ប្តូរការគិតវិជ្ជមានចំពោះការទុកដាក់សំរាម និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីកម្ពុជាមានភាពស្អាតទៅថ្ងៃអនាគត។
សូមបញ្ជាក់ថា ភាពស្អាត ជាសសរស្តម្ភទី១ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំភាពស្អាតរបស់កម្ពុជាចេញពីក្នុងខ្លួន ភាពស្អាតនៅក្រៅខ្លួន និងភាពស្អាតកម្ពុជានៅលើឆាកអន្តរជាតិ ដែលក្នុងនោះជំរុញយុទ្ធានាការនានា ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន នៅក្នុងទឹក លើផ្ទៃដី និងលើផ្ទៃមេឃ។
ដោយឡែក ចំពោះភាពស្អាតលើដី លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ការចូលរួមពីសាធារណជនទាំងអស់ ក្នុងនោះមានអ្នកចូលរួមចំនួន ១៣លាននាក់ ក្នុងយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» អ្នកចូលរួមប្រមាណ ៧លាននាក់ ក្នុងយុទ្ធនាការយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» រួមជាមួយយុទ្ធនាការ «ផ្លូវស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» ដែលបានបង្ហាញយ៉ាងច្បាស់ ពីការសាមគ្គីគ្នា ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ការពារសុខភាព និងអាយុជីវិតប្រជាពលរដ្ឋ ទប់ស្កាត់ការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកទៅក្នុងទីសាធារណៈ។
លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្ត និងគាំទ្រការចូលរួមសាមគ្គីគ្នាបន្តឱ្យបានខ្លាំងក្លាថែមទៀត ធ្វើការទុកដាក់សំរាមឱ្យបានត្រឹមត្រូវទាំងអស់គ្នា ដើម្បីការពារបរិស្ថាន សុខភាពរបស់ប្រជាពលរដ្ឋ សោភ័ណភាពនៅតាមមូលដ្ឋាន និងតាមដងផ្លូវនានា គឺឆ្ពោះទៅកម្ពុជាមានភាពស្អាត រហូតទៅ៕












