ព័ត៌មានជាតិ

UN​ សាទរកម្ពុជា ដែលបានក្លាយជាប្រទេសស្ថាបនិកមួយក្នុងចំណោមប្រទេសចំនួន៦០ ដំបូងគេដែលបានផ្តល់សច្ចាប័នជាផ្លូវការលើកិច្ចព្រមព្រៀងស្តីពី​ ការអភិរក្ស​ និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ

image

ញូវយ៉ក៖​ ប្រទេសកម្ពុជា​ ក្លាយជាសមាជិករដ្ឋភាគីដំបូងគេមួយ ដែលបានផ្តល់សច្ចាប័នជាផ្លូវការលើកិច្ចព្រមព្រៀង ស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ) ក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ និងបានក្លាយជាប្រទេសទី ៥៦ ក្នុងចំណោមប្រទេស៦០ ដំបូងគេ ដែលបានផ្តល់សច្ចាប័នទទួលស្គាល់កិច្ចព្រមព្រៀងនេះ។

នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ លោក​ អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដឹកនាំប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមក្នុងពិធីអបអរសាទរ និងការចូលរួមរបស់កម្ពុជា ជាមួយប្រទេសប្រទេសឈានមុខគេ របស់អង្គការសហប្រជាតិ ក្នុងកិចច្ចព្រមព្រៀងដ៏សំខាន់នេះ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ បានប្រព្រឹត្តទៅស្របជាមួយសប្តាហ៍ពិសេសជាន់ខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយមានវត្តមានមេដឹកនាំនៃបណ្តាប្រទេសរដ្ឋភាគី នៃអង្គការសហប្រជាជាតិ ប្រមុខរាជរដ្ឋាភិបាល រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធជាច្រើនមកពីជុំវិញពិភពលោក។
លោក អ៊ាង សុផល្លែត មានមោទកភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិក្នុងកិច្ចខិតខំប្រឹងប្រែងចូលរួមជាមួយសហគមន៍អន្តរជាតិ ដោះស្រាយបញ្ហាបរិស្ថានសកល ជាពិសេសការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំឱ្យប្រទេសកម្ពុជា ក្លាយជាសមាជិករដ្ឋភាគីដំបូងគេមួយ ដែលបានផ្តល់សច្ចាប័នជាផ្លូវការលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ) ដែលឆ្លុះបញ្ចាំងពីការគាំទ្ររបស់កម្ពុជាលើការការពារជីវៈចម្រុះសមុទ្រ និងការធានាការប្រើប្រាស់ដោយសមភាព និងនិរន្តរភាពនៃធនធានសមុទ្រនៅក្នុងតំបន់ក្រៅដែនយុត្តាធិការជាតិ។

សូមបញ្ជាក់ កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង BBNJ នៅក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។ ជាលទ្ធផល កម្ពុជាបានផ្តល់សច្ចាប័ននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ក្លាយជាសមាជិកស្ថាបនិកមួយនៃកិច្ចព្រមព្រៀងនេះ។ កិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃជីវចម្រុះនៅក្នុងតំបន់លើសពីយុត្តាធិការជាតិ (BBNJ) ដែលត្រូវបានគេស្គាល់ថាជាកិច្ចព្រមព្រៀងសមុទ្រខ្ពស់ គឺជាឯកសារផ្លូវច្បាប់ដ៏លំបាកបំផុតមួយ ក្នុងការចរចានៅអង្គការសហប្រជាជាតិ (UN) នាពេលកន្លងមក។

តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើន​ រួមមាន ការលើកកម្ពស់កិត្តិយសជាតិលើឆាកអន្តរជាតិតាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការស្មើមុខស្មើមាត់ក្នុងការចូលរួមគ្រប់គ្រង អភិរក្សធនធាន សមុទ្រ​ និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅផែនយុត្តាធិការជាតិ សម្រាប់បច្ចុប្បន្ននិងអនាគត។ ការការពារ និងការអភិរក្សបរិស្ថានសមុទ្រក្នុងក្របខ័ណ្ឌនៃអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ព្រមទាំងកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលក្នុងការគ្រប់គ្រងតំបន់ក្រៅដែនយុត្តាធិការជាតិ រួមទាំងតំបន់ការពារធម្មជាតិសមុទ្រដោយមានភាគីពាក់ព័ន្ធនានាចូលរួមរួមទាំងក្រុមអន្តរវិស័យថ្នាក់ជាតិ ថ្នាក់តំបន់ និងសកល៕