សហភាពអឺរ៉ុប និងឥណ្ឌូណេស៊ី ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្រោយចរចា ៩ ឆ្នាំ

អឺរ៉ុប-ឥណ្ឌូណេស៊ី៖ សហភាពអឺរ៉ុប និងប្រទេសឥណ្ឌូណេស៊ី បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) នៅលើកោះបាលីកាលពីថ្ងៃអង្គារ ទី២៣ ខែកញ្ញា បន្ទាប់ពីការចរចាដ៏វែងឆ្ងាយអស់រយៈពេល ៩ ឆ្នាំ ។
លោក ម៉ាកូស សេហ្វកូវីច (Maros Sefcovic) ប្រធានពាណិជ្ជកម្មសហភាពអឺរ៉ុប និងលោក អ៊ែឡាំងហ្គា ហាតាតូ (Airlangga Hartarto) រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឥណ្ឌូណេស៊ី បានបង្ហាញវត្តមាននៅក្នុងពិធីចុះហត្ថលេខានេះ ដោយបានកត់សម្គាល់ពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរចំពោះពាណិជ្ជកម្មអន្តរជាតិដែលមានមូលដ្ឋានលើច្បាប់ច្បាស់លាស់ ។
កិច្ចព្រមព្រៀងនេះ មានគោលបំណងលុបបំបាត់ពន្ធគយជាង ៩៨% ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ សម្រាប់ឥណ្ឌូណេស៊ី កិច្ចព្រមព្រៀងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់វិស័យសំខាន់ៗដូចជា ប្រេងដូង វាយនភណ្ឌ និងស្បែកជើង ចំណែកឯសម្រាប់សហភាពអឺរ៉ុបវិញ គឺទទួលបានអត្ថប្រយោជន៍លើវិស័យកសិ-ចំណីអាហារ និងរថយន្ត។ កាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មរវាងភាគីទាំងពីរមានតម្លៃជាង ២៧ ពាន់លានអឺរ៉ូ និងបានជួយគាំទ្រការងាររាប់សែនកន្លែង ។
ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីឱ្យកិច្ចព្រមព្រៀងនេះអាចចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ ២០២៧ បាន លោក ហាតាតូ (Hartarto) បានបញ្ជាក់ថា CEPA នៅតែត្រូវរង់ចាំការអនុម័តពីសំណាក់ប្រទេសជាសមាជិកសហភាពអឺរ៉ុប សភាអឺរ៉ុប និងរដ្ឋាភិបាលឥណ្ឌូណេស៊ីជាមុនសិន។ គួររម្លឹកផងដែរថា កិច្ចព្រមព្រៀងនេះគឺជាកិច្ចព្រមព្រៀងទី ៣ របស់សហភាពអឺរ៉ុបជាមួយប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសសិង្ហបុរី និងវៀតណាម ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ Johannes P. Christo via REUTERS



