ព័ត៌មានជាតិ

ភ្ញៀវទេសចរបន្តដើរកម្សាន្តនៅខេត្តកំពត ខណៈពលរដ្ឋមួយចំនួនជិះរថយន្តក្រុងរដ្ឋវិលត្រលប់ទៅភ្នំពេញវិញ

image


កំពត៖ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលធ្វើដំណើរតាមរថយន្តក្រុងដោយឥតគិតថ្លៃរបស់សាលារាជធានីភ្នំពេញ បានវិលត្រលប់ទៅភ្នំពេញវិញជាបណ្តើរៗហើយ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ខណៈប្រជាពលរដ្ឋដែលមកដើរលេងកម្សាន្តក្នុងខេត្តកំពតនាឱកាសបុណ្យភ្ជុំបិណ្ឌ បានសម្តែងទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំងបន្ទាប់ពីឃើញទេសភាព បរិយាកាស និងភាពអ៊ូអរ នៅលើទឹកដីដ៏ទាក់ទាញ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពត បានឱ្យដឹងថា តាមការសន្និដ្ឋានរបស់លោក នៅថ្ងៃទី២៤ ខែកញ្ញា ស្ថានភាពភ្ញៀវទេសចរដើរកម្សាន្តនៅខេត្តកំពត មានសភាពល្អប្រសើរ និងច្រើនដូចកាលពីម្សិលម៉ិញដែរ។ ជាក់ស្តែងបន្ទប់ស្នាក់នៅត្រូវបានកក់ស្ទើរពេញអស់ទៅហើយ។
លោក សយ ស៊ីណុល បានបញ្ជាក់ថា ទោះបីខេត្តកំពតមានអាកាសធាតុភ្លៀងរលឹមបន្តិចមែន ប៉ុន្តែភ្ញៀវទេសចរនៅតែចេញដើរលេងច្រើន ពិសេសនៅតាមរមណីយដ្ឋាននានាទូទាំងខេត្ត។ លោកក៏បានថ្លែងអំណរគុណដល់អ្នកផ្តល់សេវាទេសចរណ៍ក្នុងខេត្តកំពតទាំងអស់ ដែលបានអនុវត្តតាមការណែនាំរបស់ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានល្អ ដែលធ្វើឱ្យភ្ញៀវទេសចរពេញចិត្តទទួលយកសេវាកម្ម និងនាំគ្នាពពាក់ពពូនមកលេងកម្សាន្តក្នុងខេត្តកំពតមិនចង់វិលត្រលប់ទៅវិញ៕
អត្ថបទ៖ វង្ស សុធារម្យ