ពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ ភ្ញៀវទេសចរ ទៅលេងកម្សាន្តនៅខេត្តកំពង់ធំ មានជាង ៥៧០០០នាក់

កំពង់ធំ៖ ក្នុងអំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយ:ពេល ០៣ថ្ងៃ ភ្ញៀវទេសចរជាតិ អន្តរជាតិ បានទៅលេងកម្សាន្តក្នុងខេត្តកំពង់ធំ មានចំនួន ៥៧ ៣៣៩នាក់។
បើតាមលោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានប្រាប់ឱ្យដឹងថា អំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយ:ពេល
៣ថៃ្ង ចាប់ពីនៅថ្ងៃទី២១ ដល់ទី ២៣ ខែកញ្ញា ឆ្នាំ២០២៥ តំបន់ទេសចរមួយចំនួននៅខេត្តកំពង់ធំ បានស្រូបទទួលភ្ញៀវទេសចរក្នុង និងក្រៅខេត្ត ចូលមកលេងលំហែរអារម្មណ៍នៅតាមរមណីយដ្ឋានសំខាន់ៗមួយចំនួន សរុបចំនួន ៥៧ ៣៣៩នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន ៥៧ ១៣៣នាក់ និងភ្ញៀវអន្តរជាតិ មានចំនួន ២០៦នាក់។
ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឱ្យដឹងបន្ថែមថា ក្នុងចំណោមភ្ញៀវទេសចរនេះ បើប្រៀបទៅធៀបនឹងឆ្នាំ២០២៤កន្លងទៅ គឺមានការកើនឡើងចំនួនជាង ៩៣ភាគរយ។ ចំណែកភ្ញៀវបរទេស កើនឡើងទ្វេដង។
លោក សេង អាន បានឱ្យដឹងថា រមណីយដ្ឋាន និងគោលដៅទេសចរសំខាន់ៗ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ មានជាច្រើនកន្លែង រួមមាន៖ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក, រមណីយដ្ឋានភ្នំសន្ទុក, រមណីយដ្ឋានស្ទឹងជីនិត, រមណីយដ្ឋានទំនប់បង្ហៀរ ៦មករា, រមណីយដ្ឋានបឹងក្រញ៉ាក, រមណីយដ្ឋានសំរឹត, រមណីយដ្ឋានកែងគោលស្រុកស្ទោង និងតំបន់មួយទេសចរណ៍មួយចំនួនទៀត៕
អត្ថបទ៖ ស៊ុំ ស៊ីថាវរី








