ភ្លៀងធ្លាក់ជាប់គ្នាពីរថ្ងៃ បណ្ដាលឱ្យមានជំនន់ទឹកភ្លៀង ជន់លិចឃុំចំនួន២ នៅស្រុកអូរគ្រៀងសែនជ័យ

ក្រចេះ៖ ភ្លៀងធ្លាក់ពីរថ្ងៃជាប់គ្នា គឺថ្ងៃទី២៣ និងថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បណ្ដាលឱ្យកើតមានជំនន់ទឹកភ្លៀង ជន់លិចភូមិ លំនៅដ្ឋានប្រជាពលរដ្ឋ និងលិចផ្លូវ ស្ថិតនៅភូមិចំនួន៣ គឺភូមិអូរគ្រៀង ភូមិប៉ាក្លែ ភូមិរលួស នៅក្នុងឃុំអូរគ្រៀង និងឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
ពលរដ្ឋរស់នៅមូលដ្ឋាន បានឱ្យដឹងថា ជំនន់ទឹកភ្លៀងនេះ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅតំបន់ទាំងនោះ ពុំអាចធ្វើដំណើរឆ្លងកាត់បាន ដោយសារស្ថានភាពទឹកជ្រៅ និងហូរខ្លាំង។
មន្ត្រីរដ្ឋបាលស្រុកអូរគ្រៀងសែនជ័យ បានឱ្យដឹងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះថា ជំនន់ទឹកភ្លៀងនេះ បានចាប់ផ្ដើមជន់ឡើងនៅវេលាម៉ោងប្រមាណ ៣ទៀបភ្លឺ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បណ្ដាលឱ្យជន់លិចភូមិចំនួន៣ភូមិ ហើយប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១០គ្រួសារ។
លោក បានបញ្ជាល់ថា ជំនន់ទឹកភ្លៀងនេះ លិចមិនយូរថ្ងៃទេ យ៉ាងច្រើនតែមួយថ្ងៃ គឺស្រកទៅវិញ តែបើមេឃភ្លៀងជាប់ៗគ្នា យ៉ាងយូរ ២ថ្ងៃ ទៅ ៣ថ្ងៃ ស្រកចុះទៅវិញអស់ហើយ។
បន្ទាប់ពីទទួលបានព័ត៌មានពីមូលដ្ឋានភ្លាម លោកអភិបាលស្រុកអូរគ្រៀងសែនជ័យ បានណែនាំឱ្យក្រុមការងារ កម្លាំងនៃអធិការដ្ឋាននគេបាលស្រុកអូរគ្រៀងសែនជ័យ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរគ្រៀង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលួសមានជ័យ កម្លាំងប្រជាការពារ បានចុះសួរសុខទុក្ខ និងជួយដឹកជញ្ជូនសម្ភាររបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ទឹកភ្លៀង។ គ្រោះទឹកជំនន់ខាងលើនេះ មិនបណ្តាលអោយខូចខាតទ្រព្យសម្បត្តិ៍ និងគ្រោះថ្នាក់ដល់មនុស្ស និងសត្វទេ៕
អត្ថបទ៖ សារី ណែត







