កូរ៉េខាងជើង បើកចំហរក្នុងការចរចាជាមួយអាម៉េរិក បើអាម៉េរិកឈប់ទាមទារឱ្យរំសាយអាវុធនុយក្លេអ៊ែរ

កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីចុងសប្ដាហ៍កន្លងទៅ បានថ្លែងថា លោកបើកចំហក្នុងការចរចាជាមួយរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនឈប់ទទូចឱ្យប្រទេសរបស់លោកបោះបង់ចោលអាវុធនុយក្លេអ៊ែរ ។
លោកគីមបានលើកឡើងក្នុងកិច្ចប្រជុំសភាជាន់ខ្ពស់នៅទីក្រុងព្យុងយ៉ាងថា «ប្រសិនបើអាម៉េរិកបោះបង់ចោលការគិតមមៃទៅលើការរំសាយអាវុធនុយក្លេអ៊ែរ និងចង់ស្វែងរកការរួមរស់ជាមួយគ្នាយ៉ាងសុខសាន្តជាមួយកូរ៉េខាងជើង នោះយើងគ្មានហេតុផលអ្វីដែលត្រូវបដិសេធលើការចរចាជាមួយអាម៉េរិកនោះទេ» ។
លោកគីមបានសង្កត់ធ្ងន់ថា "យើងនឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់យើងជាដាច់ខាត"។ លោកបានបន្ថែមថា "ពិភពលោកដឹងយ៉ាងច្បាស់អំពីអ្វីដែលសហរដ្ឋអាម៉េរិកបានធ្វើ បន្ទាប់ពីប្រទេសណាមួយបានបោះបង់ចោលអាវុធនុយក្លេអ៊ែរ និងរំសាយកងទ័ពរបស់ខ្លួនរួច" ។
ទាក់ទងនឹងទណ្ឌកម្មដែលបានដាក់លើប្រទេសរបស់លោក លោកគីមបានចាត់ទុកថា វាជា "បទពិសោធន៍រៀនសូត្រ" ដែលធ្វើឱ្យប្រទេសជាតិកាន់តែរឹងមាំ និងមានភាពធន់ជាងមុន។ លោកគីមបន្ថែមថា "នឹងមិនមានឡើយ ហើយក៏នឹងមិនមានជារៀងរហូតនូវការចរចាជាមួយសត្រូវ ដើម្បីដោះដូរអ្វីមួយដើម្បីទាមទារឱ្យដកទណ្ឌកម្មនោះឡើយ" ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ KCNA via AFP/ Handout: Dong-A Ilbo via Getty Images

