ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់មនុស្ស៣៤ស្លាប់នៅតៃវ៉ាន់ និងហ្វីលីពីន ដោយសារតែឥទ្ធិពលព្យុះ Ragasa

image


តៃវ៉ាន់៖ នៅក្នុងតំបន់ហ័រលៀន (Hualian) កោះតៃវ៉ាន់ ព្យុះទីហ្វុងរ៉ាហ្គាសា (Ragasa) បានបង្កឱ្យមានទឹកជំនន់ និងការរអិលបាក់ដី ដោយគ្រោះធម្មជាតិនេះ បានឆក់យកអាយុជីវិតមនុស្សយ៉ាងហោចណាស់ ២៤នាក់ និង១៨នាក់ផ្សេងទៀតទទួលរងរបួស ។
មុនពេលវាយប្រហារតៃវ៉ាន់ ព្យុះរ៉ាហ្គាសា បានបក់បោកឆ្លងកាត់ពីលើប្រទេសហ្វីលីពីន ហើយឥទ្ធិពលរបស់វាបានសម្លាប់មនុស្សយ៉ាងតិចណាស់ ១០នាក់នៅហ្វីលីពីនកាលពីថ្ងៃអង្គារ ខណៈនៅឯកោះហុងកុងកំពុងរងនូវការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ស្របពេលចិនដីគោកឯណោះវិញ បានលុបចោលជើងហោះហើរ និងបិទសាលារៀនជាច្រើនកន្លែង ដើម្បីត្រៀមទប់ទល់នឹងព្យុះដ៏ខ្លាំងក្លានេះ ។
បន្ថែមពីនេះ ក្រុមអ្នកជួយសង្គ្រោះរបស់តៃវ៉ាន់ កំពុងខិតខំស្វែងរកមនុស្សចំនួន ១៧នាក់ដែលបានបាត់ខ្លួន និងបានជម្លៀសមនុស្សជាង ៨ពាន់នាក់ទៅកាន់ទីកន្លែងមានសុវត្ថិភាពដើម្បីបង្កាគ្រោះថ្នាក់ផ្សេងៗដែលបណ្ដាលមកពីខ្យល់ព្យុះដ៏មានឥទ្ធិពលខាងលើ ។
ក្នុងនោះ កម្រិតទឹកនៅក្នុងទំនប់ទឹកមួយកន្លែងបានកើនឡើងលើសពីកម្រិតធម្មតា និងហូរហៀរចេញពីទំនប់រហូតបណ្ដាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដោយលិចលង់ផ្លូវថ្នល់ និងបំផ្លិចបំផ្លាញភូមិស្រុកជាច្រើន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY/ CNBC TV18 | រូបភាព-Photo៖ Viory/ CNBC TV18/ Tyrone Siu/ Ann Wang/ Andre Lange via REUTERS