ទូទាំងប្រទេសថៃ ប្រឈមគ្រោះទឹកជំនន់ដោយសារតែឥទ្ធិពលរបស់ព្យុះ Ragasa

ថៃឡង់ដ៍៖ ព្យុះទីហ្វុងរ៉ាហ្គាហ្សា (Ragasa) ត្រូវគេរំពឹងថា នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងក្លាទូទាំងប្រទេសថៃចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៦ ខែកញ្ញា ដោយបង្កើនហានិភ័យនៃជំនន់ទឹកភ្លៀង និងទឹកជំនន់ហូរហៀរពីព្រៃភ្នំ ។
នាយកដ្ឋានឧតុនិយមថៃ (TMD) រាយការណ៍កាលពីថ្ងៃពុធថា ព្យុះនេះមានកម្លាំងខ្យល់អតិបរមា ១៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈកំពុងធ្វើដំណើរឆ្ពោះទៅទិសខាងលិច ចេញពីភាគខាងត្បូងប្រទេសចិន ឆ្ពោះទៅឈូងសមុទ្រតុងកឹង ជាទីកន្លែងដែលវានឹងចុះខ្សោយទៅជាព្យុះត្រូពិច មុនពេលបក់បោកទៅដល់ភាគខាងជើងប្រទេសវៀតណាម ។
ព្យុះនេះនឹងជួយបង្កើនឥទ្ធិពលខ្យល់មូសុងនៅឯភាគខាងជើង និងភាគឦសានប្រទេសថៃ ក៏ដូចជាខ្យល់មូសុងនិរតីលើសមុទ្រអាន់ដាម៉ាន់ (Andaman) និងឈូងសមុទ្រថៃ ដោយបណ្ដាលឱ្យរលកទឹកសមុទ្រអាចមានកម្ពស់លើសពី ៣ម៉ែត្រ ។
ឥទ្ធិពលព្យុះនេះ ក៏នឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ជាច្រើននៃភាគខាងជើង ឦសាន កណ្តាល ខាងកើត រួមទាំងទីក្រុងបាងកក ជាមួយនឹងខេត្តក្បែរនោះ។ អាជ្ញាធរ បានព្រមានប្រជាជននៅតាមតំបន់ភ្នំ តំបន់ទំនាប និងតំបន់ងាយរងគ្រោះពីទឹកជំនន់ ឱ្យប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង និងទឹកជំនន់ហូរហៀរពីព្រៃភ្នំ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ The Nation Thailand | រូបភាព-Photo៖ Globe/ TOP News/ Thai Newsroom via Thaiger


