អគ្គិភ័យឆេះរថយន្ត JEEP អស់ទាំងស្រុង ផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ រថយន្តសេរីទំនើប JEEP RUBICON ១គ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រួចបើកហួសទីតាំងកើតហេតុប្រមាណ ៣០ម៉ែត្រក៏ហ៊ុយផ្សែង និងបង្កទៅជាអគ្គិភ័យឆាបឆេះតែម្តង កាលពីវេលាម៉ោង ២:៣០នាទីអធ្រាត្រ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅខាងជើងស្តុបណតប្រ៊ីដ៍ តាមបណ្តោយផ្លូវលេខ ១០១៩ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមការឱ្យដឹងពីពលរដ្ឋដែលបានឃើញហេតុការណ៍ ថារថយន្ត JEEP RUBICON ខាងលើមុនពេលឆេះ បានជួបគ្រោះថ្នាក់ចរណ៍ជាមួយរថយន្ត១គ្រឿងទៀត ដែលមានម៉ាកតូយូតាព្រូស ព្រមទាំងម៉ូតូម៉ាក VARIO ១គ្រឿងទៀត នៅកណ្តាលស្តុបណតប្រ៊ីដ៍។ បន្ទាប់ពីបុករួច រថយន្តខាងលើបានបន្តដំណើរតាមបណ្តោយផ្លូវ១០១៩ ទិសដៅពីត្បូងទៅជើង បានប្រមាណ ៣០ម៉ែត្រ ក៏ស្រាប់តែមានផ្សែងហ៊ុយចេញពីរថយន្ត ទើបម្ចាស់រថយន្តចតចោល រួចរត់ចេញពីរថយន្តភ្លាមៗ។ បន្ទាប់មកគេនាំគ្នារត់ទៅយកបំពង់ពន្លត់អគ្គិភ័យធ្វើការបាញ់ពន្លត់អស់ជាច្រើនដែរ តែមិនមានការថមថយនៃផ្សែងនោះទេ ទើបពលរដ្ឋនាំគ្នារាយការណ៍ទៅមន្ត្រីជំនាញដើម្បីសុំការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យតែម្តង។
ភ្លាមៗនោះការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនរថយន្ត១គ្រឿងទៅកាន់ទីតាំងកើតហេតុ ធ្វើការអន្តរាគមន៍ និងបាញ់ពន្លត់ តែរថយន្តខូចខាតទាំងស្រុងមិនបង្កឱ្យមានមនុស្សរងរបួសនោះទេ។
ក្រោយកើតហេតុ ភាគីខាងម្ចាស់រថយន្តសេរីទំនើបដែលឆេះនោះ បានធ្វើការចរចារគ្នាជាមួយភាគីរថយន្ត និងម៉ូតូក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយសន្តិវិធី។ ចំណែករថយន្តរបស់គាត់ ដែលរងការឆាបឆេះអស់នៅសល់តែគ្រោងឆ្អឹងដែក ក៏ត្រូវបានមន្ត្រីជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕
អត្ថបទ៖ រដ្ឋ រង្សី




