ព័ត៌មានអន្តរជាតិ

តំបន់ជាច្រើនក្នុងខេត្តអាយុធ្យា កំពុងលិចលង់ដោយទឹកជំនន់ ខណៈមនុស្ស៣នាក់បាត់​បង់អាយុជីវិត

image


ថៃឡង់ដ៍៖ យ៉ាងហោចណាស់មនុស្ស ៣នាក់ស្លាប់ដោយសារតែទឹកជំនន់នៅក្នុងខេត្តអាយុធ្យា កាលពីថ្ងៃពុធ ទី២៤ ខែកញ្ញា។ ជនរងគ្រោះទីមួយ បានស្លាប់ព្រោះតែលង់ទឹកនៅក្នុងឃុំហួរវៀង (Hua Wiang) ស្រុកបាងបាល់ (Bang Bal) ខណៈមនុស្ស ២នាក់ទៀតបានបាត់បង់អាយុជីវិតនៅក្នុងស្រុកសេណា (Sena) ។

រឿងហេតុនេះ បានកើតឡើងបន្ទាប់ពីអាជ្ញាធរក្នុងខេត្តចៃណាត់ (Chai Nat) ធ្វើការរំដោះទឹកពីក្នុងទំនប់ចៅប្រាយ៉ា ក្នុងបរិមាណ ២,២០០ម៉ែត្រគូបក្នុងមួយវិនាទី ដោយកត្តានេះ បានធ្វើឱ្យកម្រិតទឹកទន្លេចៅប្រាយ៉ា, ទន្លេម៉ែណាមណុយ (Mae Nam Noi) និងប្រឡាយជាច្រើនក្នុងខេត្តអាយុធ្យាបានបន្តកើនឡើងខ្លាំង រហូតបង្កជាទឹកជំនន់បន្តបន្ទាប់បែបនេះ ។

ក្នុងពេលដំណាលគ្នា អាជ្ញាធរក្នុងតំបន់រងគ្រោះ កំពុងព្រមានថា ស្ថានភាពទឹកជំនន់នឹងកាន់តែអាក្រក់ទៅៗ ដោយសារតែកម្រិតទឹកបន្តកើនឡើងខ្លាំងក្នុងតំបន់ជាច្រើននៅក្នុងខេត្តអាយុធ្យា ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព/ រូបភាព-Photo៖ Khaosod English