សម្ដេចតេជោ ហ៊ុន សែន មានបំណងផ្ដួចផ្ដើមបង្កើតនូវក្រុមមិត្ដភាពសភា កម្ពុជា-ប្រេស៊ីល ដើម្បីពង្រឹងទាំងស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភាឲ្យមានទំនាក់ទំនងស៊ីជម្រៅ និងបង្កើនការបណ្ដុះបណ្ដាលផ្នែកកីឡា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីគំនិតផ្ដួចផ្ដើមរបស់សម្ដេចដោយប្រទេសទាំងពីរគួរតែបង្កើតនូវក្រុមមិត្ដភាពសភានៃប្រទេសទាំងពីរ កម្ពុជា ប្រេស៊ីល ទាំងស្ថាប័នរដ្ឋសភា ព្រឹទ្ធសភាដើម្បីឲ្យស្ថាប័នទាំងនេះមានទំនាក់ទំនងស៊ីជម្រៅបន្ថែមទៀត។
ការលើកឡើងបែបនេះនា ឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលសារតាំង លោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៉ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥
នាវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកវត្ដមានរបស់លោកស្រី ជាផ្នែកមួយដ៏សំខាន់នៃការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរកម្ពុជា និងប្រេស៊ីល ដោយសម្ដេចតេជោក៏បានបង្ហាញក្ដីរីករាយដែលសហព័ន្ធប្រេស៊ីល បានដាក់និវេសនដ្ឋានទូតនៅព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូងដែលនឹងចូលរួមចំណែកពង្រឹងទំនាក់ទំនងទ្វេរភាគីឲ្យកាន់តែរីកចម្រើន។
នាឱកាសនោះ លោកស្រីបានសម្ដែងការអគុណ សម្ដេចតេជោប្រមុខរដ្ឋស្ដីទីកម្ពុជា ដែលបានអនុញ្ញាតឲ្យលោកស្រី និងសហការីចូលជួបប្រគល់សារតាំងជូនសម្ដេចប្រមុខរដ្ឋស្ដីទីនាពេលនេះ។ លោកជំទាវ បន្ដថាបេសកកម្មរបស់លោកស្រីនៅកម្ពុជា គឺជំរុញទំនាក់ទំនងទ្វរភាគីឲល្អប្រសើរ ពិសេសការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងកម្ពុជា និងប្រេស៊ីល ឲ្យមានការកើនឡើង ជាមួយគ្នានេះលោកស្រីបានលើកឡើងពីការពង្រីកកិច្ចសហប្រតិបត្ដិការលើវិស័យនានា ជាពិសេសទំនាក់ទំនងទាំងរដ្ឋាភិបាល និងស្ថាប័ននីតិបញ្ញត្ដិរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ជាការឆ្លើយតបសម្ដេចតេជោ ថ្លែងថាទំនាក់ទំនងដ៏ល្អទៅមុខលឿនបានគឺអាស្រ័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ដូចនេះប្រសិនបើរដ្ឋាភិបាលទាំងពីរកម្ពុជា ប្រេស៊ីលខិតខំប្រឹងប្រែងពង្រីកសេដ្ឋកិច្ច ពាណិជ្ជកម្មឲ្យកាន់តែកើនឡើងនោះហើយគឺជាផ្នែកសំខាន់ដែលរុញច្រានទំនាក់ទំនងប្រទេសទាំងពីរបានល្អស្របទោជាមួយគ្នា។
សម្ដេចតេជោ ហ៊ុន សែន បានរំលេចពីគាំទ្រការលើកឡើងរបស់លោកស្រីជុំវិញការធ្វើឲ្យប្រសើរឡើងបន្ថែមនូវទំនាក់ទំនងស្ថាប័ននីតិប្បញ្ញត្ដិ ដោយសម្ដេចតេជោបានលើកឡើងពីគំនិតផ្ដួចផ្ដើមរបស់សម្ដេច ដោយប្រទេសទាំងពីរគួរតែបង្កើតនូវក្រុមមិត្ដភាពសភានៃប្រទេសទាំងពីរ ទាំងស្ថាប័នរដ្ឋសភា ព្រឹទ្ធសភាដើម្បីឲ្យស្ថាប័នទាំងនេះមានទំនាក់ទំនងស៊ីជម្រៅ។
នាឱកាសដដែលសម្ដេចតេជោ ក៏បានលើកឡើងពីការពង្រីកវិស័យកីឡា ដោយសារប្រស៊ីលជាប្រទេសដែលមានសក្កានុពលល្អណាស់ផ្នែកកីឡា ពិសេសសម្បូរធនធានកីឡាល្អៗ ដើម្បីជាពង្រឹងវិស័យកីឡា សម្ដេចតេជោថ្លែងថា ប្រេស៊ីលអាចជួយបញ្ជូនគ្រូបង្វឹកប្រេស៊ីលមកជួយបង្វឹកកីឡារបស់កម្ពុជាទាំងកីឡាបាល់ទាត់ និងបាល់ទះ ហើយនេះក៏ជាផ្នែគដ៏សំខាន់នៃការរឹតចំណងមិត្ដភាពផង និងជំរុញការផ្លាស់ប្ដូរវាងប្រជាជន និងប្រជាជន។
ជាការឆ្លើយតប លោកស្រី បញ្ជាក់ថាប្រេស៊ីល នឹងពិចារណាគិតគូរឲ្យមានគ្រូបង្វឹកមកកាន់កម្ពុជា ក្នុងការបណ្ដុះបណ្ដាលផ្នែកកីឡា ក្នុងពេលឆាប់ៗ។
ឆ្លៀតក្នុងឱកាសនោះសម្ដេចតេជោ ក៏បានលើកឡើង និងពន្យល់ពីសាវតាជុំវិញបញ្ហាដែលកើតមានឡើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ ដោយក្នុងនោះលោកស្រី គឺគាំទ្រការដោះស្រាយបញ្ហាដោយសន្ដិវិធី រវាងកម្ពុជា ថៃ ហើយលោកស្រីជំរុញភាគីទាំងពីរគោរពបទឈប់បាញ់ ឈានទៅរកការដោះស្រាយបញ្ហា និងវិលត្រលប់មកប្រក្រតីភាពឡើងវិញ៕
អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ប៉ក់ សុឃីម, ង៉ាន់ សំណាង




