ភ្ញៀវទេសចរម៉ាឡេស៊ី ត្រូវចោរឆក់ខ្សែកមាសក្នុងខេត្តសុងក្លា ប្រទេសថៃ ខណៈក្រោយមន្ត្រីចាប់ខ្លួន ចោរសារភាពថា ខ្លួនធ្វើនេះ ព្រោះតែគ្មានការងារធ្វើ

សុងក្លា, ថៃឡង់ដ៍៖ អ្នកទេសចរជនជាតិម៉ាឡេស៊ីម្នាក់ដែលស្ថិតនៅក្នុងដំណើរកម្សាន្តនាខេត្តសុងក្លា ប្រទេសថៃ ត្រូវចោរជិះម៉ូតូមកឆក់ខ្សែកមាសអំឡុងអ្នកទេសចររងគ្រោះ កំពុងអង្គុយជាមួយមនុស្សផ្សេងទៀតនៅក្នុងរថយន្តឈ្នួលដឹកអ្នកដំណើរ ។
ជាសំណាងល្អ ដោយសារតែមានកាមេរ៉ាសុវត្ថិភាពនៅក្នុងរថយន្តមួយគ្រឿងផ្សេងទៀតដែលធ្វើដំណើរពីខាងក្រោយរថយន្តឈ្នួល មន្ត្រីនគរបាលក្រុងហាតយ៉ៃ ក៏បានឈានដល់ការចាប់ខ្លួនជនសង្ស័យឈ្មោះសាការីន (Sakarin) អាយុ ២៥ឆ្នាំ នៅឃុំបានព្រ (Ban Phru) ស្រុកហាតយ៉ៃ (Hat Yai) ខេត្តសុងក្លា (Songkhla) ដោយចោទប្រកាន់ពីបទឆក់ខ្សែកមាសពីអ្នកទេសចរម៉ាឡេស៊ី ។
បន្ទាប់ពីធ្វើសកម្មភាពឆក់ខ្សែកពីភ្ញៀវទេសចរបរទេសរួចរាល់មក ជនសង្ស័យក៏បានរត់គេចខ្លួនទៅកាន់ផ្ទះរបស់ម្ដាយនៅស្រុកធុងវ៉ា (Thung Wa) ខេត្តសាទុន (Satun) មុនពេលត្រូវមន្ត្រីនគរបាលចាប់ឃាត់ខ្លួននៅថ្ងៃពុធ ទី២៤ ខែកញ្ញា ។
ក្រោយការចាប់ខ្លួននេះ ជនសង្ស័យបានសារភាពថា ខ្លួនបានយកខ្សែកមាសនេះទៅលក់ ដោយទទួលបានប្រាក់ជាង ២ម៉ឺនបាត (ប្រហែល ៦២៤ ដុល្លារអាម៉េរិក) ហើយជនសង្ស័យក៏បានយកលុយនោះដើម្បីចាយវាយប្រចាំថ្ងៃដោយសារតែខ្លួនមិនមានការងារធ្វើ។ ជនសង្ស័យ បានសារភាពដែរថា ខ្លួនមិនបានយកលុយនោះទៅលេងល្បែងអ្វីឡើយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Khaosod English | រូបភាព-Photo៖ Screenshot taken from footage in Khaosod English.


